ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

កត្តា​​ ៥ យ៉ាង​​ នាំ​​​ឲ្យ​ខួរ​ក្បាល​​រឹង​មាំ​ល្អ​

ខួរ​ក្បាល​ជា​ចំណែក​ដ៏​សំខាន់​ជាងគេ​បំផុត​មួយ​របស់​មនុស្ស។ មនុស្ស​គ្រប់​រូប​តែង​​ប្រាថ្នា​ចង់បាន​នូវ​ខួរ​ក្បាល​ល្អ​។ ខួរ​ក្បាល​ល្អ​មាន​ប្រយោជន៍​សម្រាប់​ការសិក្សា​រៀន​សូត្រ ការច្នៃ​ប្រឌិត និង​ការ​ប្រកប​របរ​គ្រប់​ប្រភេទ​។ ដើម្បី​ឲ្យ​ខួរក្បាល​មាំ​មួន​ល្អ​គេ​គួរ​ពិចារណា​​កត្តា​សំខាន់​ទាំង​ប្រាំ​ខាង​ក្រោម​៖

១. ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​មនុស្ស​ក្នុង​សង្គម​៖ តាម​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ការ​ប្រាស្រ័យ​ទាក់​ទង​ក្នុង​សង្គម​មាន​ប្រយោជន៍​សម្រាប់​សុខភាព​និង​ជួយ​កាត់​បន្ថយ​បញ្ហា​ភ្លេច​ភ្លាំង​។ ការ​ទំនាក់​ទំនង​ក្នុង​សហគមន៍​ជា​កត្តា​ចំបង​ទី​មួយ​ដែល​ជួយ​ឲ្យ​ខួរក្បាល​​នៅ​តែ​រឹងមាំ​។

២. សកម្មភាព​រាង​កាយ​៖ សកម្មភាព​រាងកាយ​ជួយ​បង្កើន​ចលនា​កន្ត្រាក់​នៃ​បេះ​ដូង​។ ខួរក្បាល​ត្រូវការ​ប្រមាណ​ជា ២៥ % នៃ​ ឈាម អុកស៊ីសែន និង​ជាតិ​ស្ក​ ដែល​កើត​ឡើង​ពី​ចលនា​បេះ​ដូង​។ ដូច្នេះ​ច្បាស់​ណាស់​ថា​សកម្មភាព​រាងកាយ​ជួយ​ធ្វើ​​ឲ្យ​ខួរក្បាល​មាន​សុខភាព​ល្អ​។

៣. សកម្មភាព​ខួរក្បាល៖ ខួរក្បាល​ក៏​ដូច​ជា​សរីរាង្គ​ផ្សេង​ទៀត​នៃ​រាងកាយ​ដែរ​ គឺ​ត្រូវ​មាន​សកម្មភាព​ទើប​មាន​កម្លាំង​និង​សុខភាព​ល្អ​។ គេ​គួរ​ទម្លាប់​ប្រើ​ខួរក្បាល​គិត​​ពិចារណា​ វិភាគ​ ដោះ​ស្រាយ​ ...។ល។ ប្រការ​នេះ​ធ្វើ​ឲ្យ​ខួរក្បាល​សកម្ម​និង​រឹងមាំ​ល្អ​។

៤. សម្រាក​៖ គេ​គួរ​រក​ពេលវេលា​ស្ងប់​ស្ងាត់​ សម្រាក​ទាំង​ចិត្ត​ និង​កាយ​។​ ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​ខួរ​ក្បាល​ស្ស្រឡះ​ល្អ​ និង​មាន​ថាមពល​ឡើង​វិញ​។ គួរ​ជៀសវាង​ ប្រើ​ប្រាស់​ខួរ​ក្បាល​ហួស​ហេតុ​ពេក​ (​ការ​ប្រើ​ខួរ​ក្បាល​ល្មម​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ខួរក្បាល ប៉ុន្តែ​ការ​ប្រើ​ហួស​ហេតុ​នឹង​បណ្តាល​ឲ្យ​ខួរ​ក្បាល​មាន​បញ្ហា​)​។

៥. អាហារូបត្ថម្ភ​៖​ អាហារ​មាន​ឥទ្ធិពល​មក​លើ​មុខងារ​ខួរក្បាល​ និង​អាច​កែ​ប្រែ​ របៀប​គិត​ អារម្មណ៍​ និង​ទង្វើ​របស់​មនុស្ស។​ គេ​គួរ​ជ្រើស​រើស​តែ​អាហារ​ណា​ដែល​មាន​ប្រយោជន៍ដល់​ខួរ​ក្បាល​ និង​ជៀសវាង​អាហារ​បំផ្លាញ​ខួរក្បាល​និង​សុខភាព​។

ប្រែ​សម្រួល​រៀបរៀង​ដោយ គេហទំព័រ​សាលារៀន salarean.com