យុទ្ធសាស្ត្របំបែកបំបាក់ដើម្បីគ្រប់គ្រង
"បំបែកបំបាក់ដើម្បីគ្រប់គ្រង" គឺជាយុទ្ធសាស្ត្រមួយខាងផ្នែកនយោបាយ ឬសង្គ្រាមដែលត្រូវបានប្រើប្រាស់ជាយូរលង់ណាស់មកហើយ។ គេប្រើប្រាស់យុទ្ធសាស្ត្រនេះដើម្បីរក្សាអំណាច ក៏ដូចជាគ្រប់គ្រងលើភាគីម្ខាងទៀតតាមរយៈការបំបែកកម្លាំងគូបដិបក្ខឲ្យទៅជាក្រុមតូចៗ រួចគ្រប់គ្រងក្រុមទាំងនោះឲ្យបាន និងបញ្ជៀសកុំឲ្យពួកគេរួមផ្តុំគ្នាបាន។ យុទ្ធសាស្ត្រនេះក៏មានចែងក្នុងក្បួនសឹក ស៊ុន ជឺ ផងដែរ។

នៅក្នុងសង្គ្រាម ដើម្បីកំទេចកម្លាំងខ្មាំងដែលមានចំនួនច្រើនជាង ឬស្មើគ្នា គេរកល្បិចបំបែកកងធំរបស់ខ្មាំងឲ្យទៅជាក្រុមតូចៗ រួចកំចាត់ចោលម្តងមួយៗ ដោយកាត់ផ្តាច់ស្បៀង និងរារាំងមិនឲ្យមានទ័ពជំនួយចូលជួយបាន។ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ យុទ្ធសាស្ត្របំបែកបំបាក់ដើម្បីគ្រប់គ្រង ត្រូវបានប្រើដោយអធិរាជក្រុងរ៉ូម និងព្រះចៅណាប៉ូឡេអុងផងដែរ ដើម្បីរក្សានិងពង្រីកអំណាច។ យុទ្ធសាស្ត្រនេះក៏ត្រូវបានចក្រភពអង់គ្លេសប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពផងដែរដើម្បីដាក់អាណានិគមមកលើ ឥណ្ឌា តាមរយៈបំបែកបំបាក់កុលសម្ព័ន្ធឬក្រុមផ្សេងៗឲ្យឈ្លោះគ្នា។
អ្នកដឹកនាំដែលប្រើប្រាស់យុទ្ធសាស្ត្របំបែកបំបាក់ដើម្បីគ្រប់គ្រង ត្រូវតែយល់ច្បាស់ពីស្ថានភាពរបស់គ្រប់គូភាគីទើបអាចអនុវត្តយុទ្ធសាស្ត្រនេះបាន។ នៅក្នុងអង្គភាពមួយ ជួនកាលគេចាំបាច់ត្រូវប្រើយុទ្ធសាស្ត្រនេះ ដើម្បីគ្រប់គ្រងបុគ្គលិក។ បុគ្គលិកដែលឈ្លោះគ្នា តែងប្រជែងនិងរាយការណ៍ពីកំហុសភាគីម្ខាងប្រាប់មេទៅវិញទៅមក។ ដូច្នេះមេ ដឹងជាប់ជានិច្ចអំពីស្ថានភាពអង្គភាព គ្មាននរណាម្នាក់អាចក្បត់កេងប្រវញ្ចលើអង្គភាពបានទេ។ បើមាននរណាហ៊ាន មុខតែភាគីម្ខាងទៀតរាយការណ៍ឲ្យមេដឹងជាពុំខាន។
រៀបរៀងដោយ សាលារៀន salarean.com
