គន្លឹះបង្កើនភាពជោគជ័យក្នុងអាជីព
មនុស្សម្នាក់ៗតែងប្រាថ្នាចង់ទទួលបានជោគជ័យក្នុងអាជីពរបស់ខ្លួន។ ជាការពិត គេមិនអាចធ្វើការតែមួយកន្លែងអស់មួយជីវិតបានទេ។ គេត្រូវផ្លាស់ប្តូរពីអាជីពមួយទៅអាជីពមួយទៀតនៅពេលណាមួយជាចាំបាច់។ ជោគជ័យក្នុងអាជីពអាស្រ័យលើកត្តាច្រើនយ៉ាង តែកត្តាដែលសំខាន់ជាងគេ គឺការចេះត្រៀមលក្ខណៈ និងអភិវឌ្ឍន៍ខ្លួនឯងឲ្យស្របតាមបរិការសង្គមបច្ចុប្បន្ន។ គន្លឹះមួយចំនួនខាងក្រោមអាចជាជំនួយស្មារតីក្នុងការបង្កើនភាពជោគជ័យក្នុងអាជីពរបស់អ្នក៖
១. យកចិត្តទុកដាក់សរសេរប្រវត្តិរូបរបស់អ្នក (CV) ឲ្យត្រូវតាមបទពិសោធន៍ ជាពិសេសស្នាដៃទាំងឡាយដែលអ្នកសម្រេចបានរហូតមកដល់បច្ចុប្បន្ន។ ប្រៀបធៀបលក្ខណៈសម្បត្តិដែលអ្នកមាន ជាមួយនឹងតម្រូវការទីផ្សារបច្ចុប្បន្នតើមានអ្វីខ្លះដែលអ្នកត្រូវបំពេញបន្ថែម ឬចំនុចណាខ្លះអ្នកមានគុណសម្បត្តិពិសេសជាងមនុស្សទូទៅ។
២. រឹតចំណងទាក់ទងជាមួយជនមានឥទ្ធិពលក្នុងអង្គភាព។ អ្នកគួរចំណាយពេលប្រាស្រ័យទាក់ទងឲ្យបានកាន់តែជិតស្និទ្ធជាមួយពួកគេ។ នេះជាគន្លឹះដ៏សំខាន់ដែលអាចឲ្យអ្នកឈានទៅកាន់មុខតំណែងខ្ពស់ជាងមុន ព្រោះបើមានមុខតំណែងណាទំនេរ ពួកគេមុខតែនឹងគិតដល់អ្នកមុនគេ។

៣. ឧស្សាហ៍ប្រាស្រ័យទាក់ទងនិងស្គាល់មនុស្សថ្មីៗខាងក្រៅអង្គភាពយ៉ាងហោចណាស់ឲ្យបានមួយទៅបីនាក់ក្នុងមួយខែ។ នៅពេលទំនាក់ទំនងមានភាពជិតស្និទ្ធហើយអ្នកអាចសុំរាប់អានមិត្តភក្តិឬអ្នកផ្សេងទៀតដែលពួកគេស្គាល់បន្ថែមទៀត។
៤. ចូលរួមកម្មវិធីផ្សេងៗក្នុងវិស័យរបស់អ្នក រួចនាំយកព័ត៌មានមកចែករំលែកជាមួយសហការី។
៥. ធ្វើខ្លួនឲ្យសក្តិសមជាអ្នកមានវិជ្ជាជីវៈ។ ចូរយកចិត្តទុកដាក់លើ សម្លៀក បំពាក់ គ្រឿងតុបតែង ... ។ល។ លៃយ៉ាងណាឲ្យមើលទៅឃើញថាអ្នកជាបុគ្គលដ៏គួរឲ្យទុកចិត្ត និងជាអ្នកអាជីព។
៦. អភិវឌ្ឍន៍ខ្លួនឯងជាប្រចាំ ជាពិសេសជំនាញទំនាក់ទំនង និងចិត្តសាស្ត្រមនុស្ស។
៧. ត្រួតពិនិត្យមើលការរីកចម្រើនរបស់ខ្លួនជាប្រចាំ។
រៀបរៀងដោយ សាលារៀន salarean.com
