ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ដំណាក់​កាល​ទាំង​បួន​នៃ​ឆាក​ជីវិត

ឆាក​ជីវិត​មនុស្ស​តែង​ឆ្លង​កាត់​ ៤ ដំណាក់​កាល ដំណាក់កាល​អប់​រំ ដំណាក់កាល​មនោសញ្ចេតនា​និង​បទពិសោធន៍ ដំណាក់កាល​អំណាច ដំណាក់កាល​អមតភាព

ដំណាក់​កាល​ទី​១​នៃ​ឆាក​ជីវិត​គឺ​ដំណាក់​កាល​អប់រំ៖ ដំណាក់​កាល​ នេះ​ រាប់​ចាប់​តាំង​ពី​ ចាប់​កំណើត​​​រហូត​ដល់​អាយុ​ ២០ ឆ្នាំ ឬ ២៥ ឆ្នាំ។ ក្នុង​ដំណាក់​កាល​នេះ​ មនុស្ស​យើង​រៀន​សូត្រ​អំពី​គោលការណ៍​គ្រឹះ​នៃ​ឆាក​ជីវិត  អំពី​ចំណេះ​ដឹង ឬ​បទ​ពិសោធន៍ដែល​បាន​មក​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន។ ដំណាក់​កាល​អប់រំ គឺ​ជា​គ្រឹះ​ក្នុង​ឆាក​ជីវិត​មនុស្ស​ម្នាក់​ៗ។ គ្រឹះ​នេះ​បើ​សាង​មិន​បាន​មាំ​ល្អ​ទេ​ នឹង​ធ្វើ​ឲ្យ​ជីវិត​ប្រេះ​បែក​នៅ​ថ្ងៃ​អនាគត។ ប៉ុន្តែ​បើ​សង់​បាន​ត្រឹម​ត្រូវ​ ដោយ​ផ្អែក​លើ​សច្ចភាព ក្តីមេត្តា ភក្តីភាព​ វិន័យ ជំនឿចិត្ត និង​ភាព​វិជ្ជមាន​ នេះ​កិច្ច​ការ​អ្វី​ៗ​ក៏​អាច​សម្រេច​ទៅ​បាន​ដែរ។

ដំណាក់​កាល​ទី​២​នៃ​ឆាក​ជីវិត​គឺ​ដំណាក់កាល​មនោសញ្ចេតនា​និង​បទ​ពិសោធន៍​៖ ដំណាក់ ​កាល​នេះ​ចាប់​ផ្តើម​ពី​អាយុ​ ២០​ ឆ្នាំ ឬ​២៥​ឆ្នាំ ដល់​អាយុ​ ៤០ឆ្នាំ​ឬ​៥០​ឆ្នាំ។ ដំណាក់​កាល​នេះ​មនុស្ស​ចាប់​ផ្តើម​ពិសោធន៍​សាក​ល្បង​ និង​ធ្វើ​អ្វី​ៗ​ដើម្បី​ខ្លួន​ឯង។ មនុស្ស​ចូល​ប្រលូក ក្នុង​ស្នេហា មនោសញ្ចេត​នា សុរា ការ​ប្រកួត​ប្រជែង ជោគ​ជ័យ បរាជ័យ កំហឹង ឬ​អារម្មណ៍​សប្បាយ​រំភើប។ វា​ជា​ដំណាក់​កាល​មួយ​ដែល​មនុស្ស​ជា​ច្រើន​ជាប់​ជំពាក់​ក្នុង​រឿង​ជីវិត ជាប់​ជំពាក់​នឹង​មនុស្ស​ជា​ទី​ស្រឡាញ់ ឬ​ជាប់​ជំពាក់​នឹង​គ្រួសារ​ជា​ដើម។ មនុស្ស​ប្រុស​ច្រើន​ជាប់​ជំពាក់​នឹង​រឿង​រួម​ភេទ សុរា ឬ​អំណាច ចំណែក​ឯ​មនុស្ស​ស្រី​ច្រើន​ជាប់​ជំពាក់​នឹង​ការ​ស្វែង​រក​ស្នេហា​ពិត។ ដំណាក់​កាល​ទី​២​នេះ ជា​ដំណាក់​កាល​ដែល​មនុស្ស​ ត្រូវ​ប្រឈម​មុខ​នឹង​ឆាក​ជីវិត​ពិត​ប្រាកដ ត្រូវ​ដោះ​ស្រាយ​តើ​ធ្វើ​ដូច​ម្តេច​ទើប​មាន​ដំបូល​ជ្រក តើ​ធ្វើ​ដូច​ម្តេច​ទើប​មាន​អាហារ​ក្នុង​ចាន ។ល។ ក្នុង​ដំណាក់​កាល​នេះ​ គេ​គួរ​រៀន​ពី​វិធី​គ្រប់​គ្រង​ខ្លួន​ឯង និង​ដាក់​វិន័យ​ខ្លួន​ឯង។

ដំណាក់​កាលទី​៣នៃ​ឆាក​ជីវិត​គឺ​ដំណាក់​កាល​អំណាច៖ ដំណាក់​កាល​ នេះចាប់​ផ្តើម​ពី​អាយុ​ ៤០​ឆ្នាំ​ឬ​៥០​ឆ្នាំ ដល់​អាយុ​៦០​ឆ្នាំ​ឬ​៧៥​ឆ្នាំ។ វា​ជា​ដំណាក់​កាល​ដែល​មនុស្ស​មានសមត្ថភាព​ពេញ​លេញ​បំផុត​ នឹង​ញ៉ាំង​ឲ្យ​រឿង​រ៉ាវ​គ្រប់​យ៉ាង​ឲ្យ​កើត​ឡើង​បាន​ ជា​ដំណាក់​កាល​ជោគជ័យ​បំផុត ហើយ​ក៏​អាច​ជា​ដំណាក់​កាល​បរាជ័យ​បំផុត​ដែរ។ ក្រៅ​ពីនេះ វា​ជា​ដំណាក់​កាល​នៃ​ការ​ចែក​រំលែក​បទ​ពិសោធន៍​ទៅ​កាន់​មនុស្ស​ដទៃ​ផង​ដែរ។

ដំណាក់កាល​ទី​៤នៃ​ឆាក​ជីវិត​គឺ​ដំណាក់កាល​អមតភាព​៖ ដំណាក់កាល​នេះ​ចាប់ផ្តើម​ពី​អាយុ​ ៦០​ឆ្នាំ​ឬ​៧៥​ឆ្នាំ ដល់​១០០​ឆ្នាំ។ ប្រសិន​បើ​មនុស្ស​អាច​គ្រប់​គ្រង​ដំណាក់កាល​អំណាច​បាន​ហើយ នោះ​គេ​នឹង​អាច​ឈាន​ចូល​ដល់​ដំណាក់កាល​អមតភាព​យ៉ាង​ងាយ។ ដំណាក់កាល​នេះ​ មនុស្ស​ប្រមើល​មើល​វែង​ឆ្ងាយ​ផុត​ពី​ជីវិត​ត្រឹម​តែ​មួយ​ជាតិ។ មនុស្ស​ចង់​ឃើញ​ស្នាដៃ​របស់​ខ្លួន​ស្ថិត​ស្ថេរ​ជា​អមតៈ ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ទូទាំង​ពិភព​លោក។​ មនុស្ស​ខិត​ខំ​ពុះពារ​គ្រប់​បែប​យ៉ាង​ដើម្បី​ស្នាដៃ​មួយ​នេះ។

ប្រែសម្រួល​ដោយ សាលារៀន salarean.com