រឿងសត្វសំពោចនិងមាន់ចែ
មានសត្វសំពោចមួយដើរទៅឃើញមាន់ចែទំលើប្រគាបឈើមួយ ហើយសំពោចនោះចង់ស៊ីមាន់ទើបនិយាយជាកលឧបាយកុហកថា "នែមាន់ចែជាសំឡាញ់! អើយឥឡូវអញកាន់ព្រះអាជ្ញា ព្រះជាម្ចាស់ទ្រង់ត្រាស់ឲ្យប្រកាសប្រាប់អស់បណ្តាពួកសត្វដែលជា ពៀរសត្រូវនឹងគ្នានោះថាឲ្យព្រមព្រៀងនឹងគ្នា ចាប់ពីថ្ងៃនេះទៅកុំឲ្យមានសត្វណាយាយីគ្នាឡើយ នែមាន់ចែ យើងបានសុខសប្បាយហើយ ព្រោះព្រះជាម្ចាស់លោកប្រោសតាំងច្បាប់ថ្មីថា ឲ្យយើងជានឹងគ្នា ឥឡូវនេះខ្ញុំយល់ថា បាឯងក៏មកជាសំឡាញ់ដូចបងប្អូនគ្នាពិតៗ ចូរឯងចុះមកឲ្យគ្នាឱបថើបជាការមេត្រីបន្តិចទៅអេះ" ។
ឯមាន់មានប្រាជ្ញាវាងវៃក៏តបភ្លាមទៅថា "អើបងសំពោច បងឯងកាន់ព្រះរាជអាជ្ញាព្រះជាម្ចាស់មកបង្គាប់ថាឲ្យយើងជានឹង គ្នានេះ ជាការល្អវិសេសណាស់ហើយបង ខ្ញុំឃើញបងឯងហើយក៏មានចិត្តស្រឡាញ់ ចង់ចុះទៅទទួលសេចក្តីស្និទ្ធសេហ្នានឹងអ្នកបងដែរ តែការនេះឈប់សិនចុះ ព្រោះទីនេះនៅមានឆ្កែមួយវានៅជាមួយនឹងខ្ញុំនេះ ឥឡូវវាទៅរកស៊ីឯទីព្រៃបាត់ពុំទាន់មកដល់ឡើយ យើងចាំជុំគ្នាទាំងបីប្រាណ ហើយសឹមយើងជួបគ្នានឹងបានក្រសោបឱបគ្នា ជាមេត្រីយ៉ាងធំតែម្តង" លុះមាន់និយាយដូច្នេះហើយ ធ្វើជាបែរមើលទៅ ទិសខាងជើង ហើយស្រែកថា "បងឆ្កែមកហើយ អើបងសុនខ អញ្ជើញបោលចូលមកឲ្យឆាប់ ត្បិតបងសំពោចគេមកនៅចាំបងឯង" ។ ឯសំពោចឮថាឆ្កែមកដូច្នេះហើយក៏ភិតភ័យព្រោះខ្លួននឹងឆ្កែ ជាសត្រូវនឹងគ្នាទើបម្នីម្នារត់ចេញអំពីទីនោះចូលព្រៃទៅ។ មាន់ចែក៏រឹងតែដង្ហៅថា "បងសុនខចូលមកឲ្យឆាប់ៗ បងសំពោចកុំអាលទៅណាឈប់សិន បងសុនខគេមកដល់ហើយ" ។ ឯសំពោចក៏ឆ្លើយថា "អាជ្ញាក្តៅណាស់នៅមិនបានទេ" ហើយក៏រត់ចូលព្រៃទៅ។
មាន់ចែស្រែកឡកឲ្យសំពោចថា "អាចោលម្សៀត ចេះមកពោលពាក្យថាឯងកាន់ព្រះរាជអាជ្ញាមកប្រកាសឲ្យសត្វដែលជា សឹកសត្រូវនឹងគ្នានោះ ត្រូវឲ្យជានឹងគ្នាតែអញនឹងឯង ឯត្រង់ឆ្កែនិងឯងត្រឡប់ជាមិនសាមគ្គីវិញ អាណាជឿឯងបាន ..." ។
គតិលោកភាគ២ ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ រៀបរៀង
សាលារៀន salarean.com
