ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

រឿង​បុរស​កំសត់​សង់​ខ្ទម​ក្បែរ​ផ្ទះ​សេដ្ឋី ធ្វើ​ត្រាប់​តាម​សេដ្ឋី​

មាន​និទាន​មួយ​ថា ៖ មាន​បុរស​ប្តី​ប្រពន្ធ​ និង​កូន​ស្រី​មួយ​ជា​អ្នក​លំបាក​កំសត់​ទុគ៌ត​ រក​ព្រឹកបាន​ស៊ី​តែ​ព្រឹក​ រក​ល្ងាច​បាន​ស៊ី​តែ​ល្ងាច​ ពុំ​មាន​របស់​អំម្រស់​អំម្រ​អ្វី​ឡើយ​​ ទើប​បុរស​ប្តី​ប្រពន្ធ​នោះ​គិត​ថា ​​"​លំនៅ​យើង​សព្វ​ថ្ងៃ​នេះ​លំបាក​ណាស់​ មក​យើង​ទៅ​រក​លោកឯ​ណា​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យើង​ទៅ​នៅ​ខាង​លោក​ លប​មើល​ដំណើរ​លោក​ៗ​ធ្វើ​ការ​ដូច​ម្តេច​ខ្លះ​ បាន​ជា​មាន​ទ្រព្យ​របស់​ច្រើន​”​ ។ អ្នក​ទាំង​ពីរ​ប្តី​ប្រពន្ធ​នោះ​ គិត​គ្នា​ដូច្នោះ​ហើយ​ ក៏​រុះ​រើ​ខ្ទម​ទៅ​សង់នៅ​ក្បែរ​ខាង​​ផ្ទះ​សេដ្ឋី​។​

សេដ្ឋី​នោះ​ឯង ​តែង​ប្រើ​ខ្ញុំ​ទៅ​ជួញ​​ប្រែ​ធ្វើ​ស្រែ​ចំការ​បាន​ទ្រព្យ​របស់​បំពេញ​ អាត្មា​ពុំ​ដែល​ដាច់​ឡើយ​។ ​ឯ​បុរស​ប្តី​ប្រពន្ធ​​និង​កូន​មួយ​បាន​ធ្វើ​ត្រាប់​តាម​អំពើ​ការទាំង​ អំម្បាល​នោះ​របស់សេដ្ឋី​។ ​ចំណេរ​លង់​ទៅ​កើត​ផល​ប្រ​យោជន៏​ បាន​ទ្រព្យរបស់​ច្រើន​ ទើប​បុរស​នោះ​ដឹង​គុណ​ហៅ​សេដ្ឋី​ ហើយ​ក៏​យក​មាស​១​ស្ទក់​មក​ជូន​មហាសេដ្ឋី​។ ​មហាសេដ្ឋី​​ក៏​ដណ្តឹង​ថា ​​"​ហេតុ​ដូច​ម្តេច​បាន​ជា​យក​មាស​មក​អោយ​អញ​? ” ​។​ បុរស​ប្រាប់​ថា​ “​ត្បិត​ខ្ញុំ​បាទ​នេះ​ ជា​អ្នក​កំសត់​ទុរ​គ៌ត​ ខ្ញុំ​បាទ​បាន​រុះ​រើ​ខ្ទម​មក​នៅ​ក្បែរ​ខាង​លោក​ ខ្ញុំបាទ​តែង​ឃើញ​លោក​តែង​​ប្រើ​អស់​ខ្ញុំ​កំដរ​​អោយ​ទៅ​ជួញ​​ប្រែ​ធ្វើ​ ស្រែ​ចំការ​អោយ​បាន​ជា​ទ្រព្យ​របស់មក​ ទើបខ្ញុំ​បាទ​ប្តី​ប្រពន្ធ​និង​កូន​មួយ​​ធ្វើ​ត្រាប់​អំពើ​ការ​ទាំង​នោះ​តាម ​លោក​ ក៏​បាន​ជា​អ្នក​មាន​ទ្រព្យរបស់​​លោះ​ខ្ញុំ​កំដរ​ ទិញ​គោ​ក្របី​បាន​ប្រើ​ជា​ច្រើន​ទើប​ខ្ញុំ​បាទ​រលឹក​ដល់​គុណ​លោក​ ហើយ​ខ្ញុំ​បាទ​យក​មាស​មួយ​ស្ទក់​មក​ជូន​លោក​ហោង​”។​សេដ្ឋី​ថា ​​"​ចៅ​បាន​ទ្រព្យ​អំបាល​នេះ​អញ​ស្មាន​ថា​ចៅ​បាន​ពីណា​ ថា​បើ​ចៅ​បាន​ដ្បិត​ចៅ​ធ្វើត្រាប់​ចំណេះ​អញ​តែង​ធ្វើ​ដូច្នេះ​ហើយ​ ចូល​ចៅ​ទៅ​យក​ទ្រព្យ​អំម្បាល​​នោះ​​ មក​អោយ​អញ​ៗ ​នឹង​​ចែក​រំលែក​អោយ​ចៅ​ខ្លះ ​” ។​ បុរស​នោះ​ឆ្លើយ​ថា​​ "​ដ្បិត​ខ្ញុំ​បាទបាន​​រលឹក​គុណលោក​ទើប​ខ្ញុំ​យក​មាស​មួយ​ស្ទក់​មក​ជូន​ ខ្ញុំ​បាទ​យល់ថា​លោក​នឹង ​យក​តែ​ប៉ុណ្ណោះ​​ បើ​លោក​ប្រើ​ខ្ញុំ​បាទ​អោយ​ទៅ​យក​របស់​ខ្ញុំ​​បាទ​ទាំង​អស់​ខ្ញុំ​បាទ​ពុំ​ យក​មក​ជូន​ទេ"​ ។​ សេដ្ឋី​និង​ បុរស​នោះ​ប្រ​កែក​ដណ្តើម​ទ្រព្យ​គ្នាទៅ​វិញ​ទៅ​មក​​ទើប​សេដ្ឋី​​និង​ បុរស​នោះ​ទៅដល់​ចៅ​ក្រម​អោយ​ជំនុំពិចារណា​ ចៅ​ក្រម​ជំ​នុំ​ជំរះ​រឿង​នោះ​ពុំ​បាន​ទើប​នាំ​សេដ្ឋី​និង​ បុរស​​ទៅ​គាល់​ព្រះ​មហា​ក្សត្រ​។​ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា​ "​ខ្ញុំ​ព្រះ​បាទ​អម្ចាស់នេះនៅ​​ក្បែរផ្ទះ​​សេដ្ឋី​នេះ ខ្ញុំព្រះ​​បាទ​អម្ចាស់​យល់​គាត់​តែ​ង​ប្រើ​ខ្ញុំ​កំដរ​​គាត់ ​អោយ​ទៅ​ជួញ​ប្រែ​ ធ្វើ​ស្រែ​ចំការ​បាន​ទ្រព្យ​ជា​ផល​ប្រ​យោជន៏​ផ្ទាល់​ខ្លួន​គាត់​ ហើយ​ខ្ញុំ​អម្ចាស់​ប្តី​ប្រ​ពន្ធ​និង​ កូន​មួយ យក​ខ្លួន​ធ្វើ​នូវ​អំពើ​ការ​ត្រាប់​តាម​គាត់​ បាន​ទ្រព្យ​របស់​លោះ​ខ្ញុំ​ទិញ​គោ​ក្របី​ទើប​ខ្ញុំព្រះ​​បាទ​អម្ចាស់​គិត​ ដល់​គុណ ​គាត់​ហើយ​យក​មាស​មួយ​ស្ទក់​​អោយ​គាត់ៗ​ពុំ​យក​តែ​មាស​មួយ​ស្ទក់​នេះ​ឡើយ​ គាត់​ប្រើ​ខ្ញុំព្រះ​​បាទ​អម្ចាស់​អោយ​ទៅ​យក​ទ្រព្យ​របស់មាស​ប្រាក់​មក​អោយ​ គាត់​ទាំង​អស់​ ហើយ​គាត់នឹង​​ចែក​អោយ​ខ្ញុំព្រះ​​បាទ​អម្ចាស់​វិញ ខ្ញុំព្រះ​​បាទ​អម្ចាស់​​ពុំ​យក​ទ្រព្យ​ទាំង​នោះ​មក​អោយ​គាត់ទើប​គាត់​នា​ ខ្ញុំព្រះ​​បាទ​អម្ចាស់ទៅ​ប្តឹង​ជំ​នុំ​ជំរះ​ពិចារណា​ ចៅក្រម​ជំ​នុំ​ពុំ​បាន​សេចក្តី​ទាំង​នេះ​ពុំ​ចេរ​​ សូម​ទ្រង់​ព្រះ​ចិន្តា​ពិចារណា អោយ​ខ្ញុំព្រះ​​បាទ​អម្ចាស់ហោង​”​ ។​​ ទើប​ព្រះ​មហា​ក្សត្រ​ទ្រ​ង់​ត្រាស់​​ដណ្តឹង​ទៅ​សេដ្ឋី​ថា​ “​ម្នាល​ព្រះ​ស្តែង​​ ដំ​ណើរ​ព្រះ​ស្តែង​តើដូច​ម្តេច​?​ ”។​ សេដ្ឋី​ក្រាប​ទូល​ថា​​ “​ដំណើរ​សេចក្តី​នៃ​ខ្ញុំ​ព្រះបាទ​អម្ចាស់​នេះ​ ដូច​ពាក្យ​បុរស​ក្រាប​ទូល​នេះ​ហោង​”។​ ព្រះ​មហា​ក្សត្រ​ទ្រង់​យល់​ថា​ សេដ្ឋី​នេះលោភ​មែន​ពិត​ ទើប​ព្រះ​អង្គ​មានព្រះ​បន្ទូល​ដណ្តឹង​ថា​​ “​ម្នាល​​សេដ្ឋី​ ព្រះ​ស្តែង​មាន​កូន​ឬ​ ឥត​កូន?​”​ ។​ សេដ្ឋី​ក្រាប​បង្គំ​ទូល​ថា​ “​ខ្ញុំ​ព្រះបាទ​អម្ចាស់​​មានកូនប្រុស​មួយ​”​។​ ទើប​ព្រះ​អង្គ​មានព្រះ​​បន្ទូល​ដណ្តឹង​ទៅបុរស​នោះ​វិញ​ថា​ "​ព្រះ​ស្តែង​មាន​កូន​ឬ​ ឥត​កូន?​”​ ។​ បុរស​ក្រាប​បង្គំទូល​ “​ខ្ញុំ​ព្រះបាទអម្ចាស់​​មានកូនស្រី​​មួយ​”​។ ព្រះ​មហា​ក្សត្រមានព្រះ​បន្ទូល “ម្នាល​ព្រះ ស្តែងទាំង២អើយ​! ម្ល៉េះ​ហើ​យ​កុំ​ខឹងនឹង​​គ្នា​ទៅ​វិញ​ទៅ​មក​ អញឲ្យ​ព្រះ​ស្តែង​ទាំង២​ចង​ពន្ធ​នឹង​គ្នា​ ឲ្យ​កូន​ប្រុស​សេដ្ឋី​និង​កូន​ស្រី​អ្នក​ ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ទៅ​ដើម្បីឲ្យទ្រព្យ​របស់​ព្រះ​ស្តែង​ទាំង​២​នាក់​ មូល​លើ​កូននោះ​ឯង​” សេដ្ឋី​ និង​បុរស​ស្តាប់​ព្រះ​បន្ទូល​ដូច្នោះ​ហើយ​ចូល​ចិត្ត​ក៏​ក្រាប​ថ្វាយ​បង្គំលា ​ទៅ​លំនៅ​អាត្មា​រិះ​រក​ប្រដាប់​ការ​កូន​ទាំង​២ សំរេច​ដោយ​ប្រការ​អំម្បាល​នេះ​ហោង​។

 (​ដក​ស្រង់​ចេញ ពីប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​ទី​៣)

 សាលារៀន salarean.com