ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

រឿង​ព្រេង​ទាក់​ទង​នឹង​ទំនៀម​ប្រើ​ពពិល​ក្នុង​មង្គលការ

អតីត​និទាន​ថា ​កាល​ដែល​ប្រឹថពី​រលាយ​ដោយ​ភ្លើង​កល្ប​ទៅ​ហើយ​ ហើយ​កកើត​ឡើង​ជា ​ថ្មី ​មាន​ឈ្មោះ ​“ព្រះឥសូរ”​ មួយ​អង្គ ​។​ ព្រះឥសូរ​នេះ ​លោក​ជា ​ស្តេច​ធំ​នៅ​ឋានកៃលាស ​ជាប់​ជិត​ចង្កេះ​ភ្នំហិមាល័យ​ មនុស្ស​យើង​ទៅ​មិន​ដល់​ទេ ​ព្រះទេពី​លោក ​ព្រះនាម​នាង ​“ឧមាភោគវតី” ​តាម​មាត់​អ្នក​ស្រុក​ថា ​“ជា​ស្រ្តី​គ្រប់​លក្ខិណា ​ប្រសើរ​លើស​ទេវតា ​និង​ស្ត្រី​ទ្វីប​ទាំង ​៤”​។ ព្រះឥសូរ​នោះ ​មាន​ឫទ្ធានុភាព​នឹង​ប្រៀប​ផ្ទឹម​ពុំ​បាន ​ចេះ​ចប់​សព្វ​ឈាន​លោកិយ ​និង​សិល្ប សាស្ត្រ​គ្រប់មុខ។ ​ពពួក​ទេវតា​ ឥន្ទ ​ព្រហ្ម ​យក្ស ​គន្ធព​ គ្រុឌ ​នាគ ​វិជ្ជាធរ ​ស្ញប់ស្ញែង​កោត ​ខ្លាច ​ចូល​មក​គោរព​សុំ​រៀន​ពី​សម្នាក់​លោក​ទាំងអស់​ ពូកែ​នោះ ​សូម្បី​តែ​អង្គជាតិ​របស់ ​លោក ​កាលណា​មាន​តម្រេក ​ហើយ​កម្រើក​ស្រក់​ធ្លាក់​ចេញ​ចាកទី​មក ​ពុំមាន​ភព​ណា ​អាច​ទទួល​រង​បាន​ឡើយ ​បើ​ធ្លាក់​ដល់​ផែនដី ​នឹង​ឆេះ​ផែនដី ​បើ​ធ្លាក់​ដល់​ទឹក ​នឹង​កើត​ព្យុះ ​ខ្យល់​បក់​បោក ល្អិត​ខ្ទេចខ្ទី​ឈើ​លតាវល្លិ ​អន្តរាយ​មនុស្សម្នា​នឹង​រាប់​ពុំ​បាន​ ឫទ្ធី​នោះ​សូម្បី ​តែ​មនុស្ស​ស្លាប់​បាត់​ជីវិត​ទៅ​កាល​យូរ​ ដល់​ទៅ ​១០០​ឆ្នាំ​ក៏​ដោយ​ ឲ្យ​តែ​នៅ​សល់​កំទេច​ ឆ្អឹង​បន្តិច​បន្តួច​ ក៏​នៅ​តែ​ខ្លាច​ឫទ្ធី​លោក​ដែរ​ បើ​ចង់​ដឹង​ថា ​“ឈ្មោះ​ណា​ម្នាក់​ស្លាប់​ទៅ​កើត​ ក្នុង​ទីណា​” យក​តែ​ឆ្អឹង​ឈ្មោះ​នោះ​បន្តិច​មក​ថ្វាយ​លោក​។ គោះ​សួរ​ឆ្អឹងៗ​ ប្រាប់​លោក​ថា ​“ទៅ​កើត​ឋាន​សួគ៌​ នរក​ ឬ​ ប្រេត​ តិរច្ឆាន​ បាន​ទាំងអស់​” បាន​ជា​ថា ​“ឆ្អឹង​ក៏​នៅ​ខ្លាច​ឫទ្ធី​ លោក​ដែរ​”។

ពួក​យក្ស​ គន្ធព​ គ្រុឌ​ នាគ​ កិន្នរ​ មុន​នឹង​ផ្សំ​ផ្គុំ​កូនចៅ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ​និយម​ទៅ​សុំពរពី ​ព្រះ​ឥសូរ​ និង​នាង​ឱមាភោគវតី​ មក​ធ្វើ​ជា​មង្គល​ប្រយោជន៍​ឲ្យ​កូន​ចៅ​មក​ខាង​ក្រោយ​ បាន​ទទួល​ចំណែក​រិទ្ធិ​អំណាច​ អំពី​ព្រះឥសូរ​ ព្រោះ​អង្គជាតិ​ព្រះអង្គ ​និង​លក្ខិណា​នាង​ នោះ​ពូកែ​ណាស់។

ក្រោយ​នោះ​យូរ​មក​ មាន​ស្តេច​មនុស្ស​មួយ​អង្គ​ ឈ្មោះ ​“ព្រះជ័យ​សុរិយា​” ជា​ខ្សែ​ស្រ ឡាយ​អម្បូរ​ព្រះភិរុន្ធ​ នៅ​នគរ​កែកេតជម្ពូ​។ ស្តេចអង្គ​នេះ ​ដើរ​ស្វែង​រករៀន​សិល្ប​សាស្ត្រ ​ក្នុង​ព្រៃហិមពាន្ត ​អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ ​មិនចេះ​ជួប​ប្រទះ​នឹង​ឥសី ​(ឫសី)​ ឬ​ តាបស​ ណា​មួយ​សោះ។​

សម័យ​ថ្ងៃ​មួយ ​ព្រះឥសូរ​ ទ្រង់​អផ្សុក​ ហោះ​មក​លេង​ស្ថាន​ជម្ពូទ្វីប​ ឆៀង​ចុះ​មើល​ព្រៃ ​និង​ ដង​ភ្នំ​ ក៏​ប្រទះ​ឃើញ​កុមារ​ម្នាក់​ដេក​លក់​ក្រោម​ដើម​ឈើ ​ព្រះ​ឥសូរ​ក៏​ទ្រង់​ព្រះ​តម្រិះ​ថា​ “ កុមារ​នេះ​ ជា​កូន​មនុស្ស​ ហេតុអ្វី​ក៏ដើ​រមក​ដេក​ក្នុង​ព្រៃស្មសាន​តែ​ម្នាក់​ឯង​ដូច្នេះ​? ​មើល​ ទៅ​រូបរាង ​សាច់​ឈាម​ និង​សម្លៀក​បំពាក់​ ដូច​ជា​អម្បូរ​ក្សត្រ ​ឬ​មួយ​ក៏​ព្រាត់​នគរ​មក​?​ គួរ​ អញ​ដាស់​សួរ​មើល!” ​លោក​ហៅ​ឲ្យ​ក្រោក​ឡើង​ សួរ​រឿង​រ៉ាវ​ទៅ ​កុមារ​ក៏​ទូល​ថា​ “​ខ្ញុំព្រះ អង្គ ​ឈ្មោះ​ជ័យ​សុរិយា​ ជាតិ​មនុស្ស​លោក​ នៅ​នគរ​កែវ​កេតជម្ពូរ​ ខ្ញុំ​ព្រះអង្គ​បាន​ដើរ​ស្វែង ​រក​រៀន​សិល្ប​សាស្ត្រ​ក្នុង​ព្រៃ​នេះ​ជាង​មួយ​ឆ្នាំ​ហើយ​ ពុំ​បាន​ជួប​ឥសី​ ឬ​តាប​សណា​សោះ” ។ ​កាល​បាន​ឮ​សូរ​ដូច្នោះ​ លោក​ប្រាប់​ថា​ “​យើង​ជា​ព្រះឥសូរ​ នៅ​ឋាន​កៃលាស​ ឯង​ស្គាល់ ​យើង​ទេ​?​ សិល្ប​សាស្ត្រ​យើង​ចេះ​ដែរ ​បើ​ចង់​រៀន​ យើង​បើក​ឲ្យ​រៀន​បាន​”។ ​ព្រះជ័យ ​សុរិយា​ ក្រាប​សំពះ​ទូល​ថា​ “​ព្រះ​គុណ​ម្ចាស់​ថ្លៃ​អើយ!​ ខ្ញុំ​ព្រះអង្គ​ឮ​តែ​ឈ្មោះ​ មិន​ដែល​ ឃើញ​ព្រះអង្គ​សោះ ​ប៉ុន្តែ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ជាតិ​ជា​មនុស្ស​ មិន​ចេះ​ហោះ​ហើរ​ ទើប​មាន​ បំណង​ស្វែង​រក​រៀន​សិល្ប​សាស្ត្រ​ត្រឹមតែ​ក្នុង​សម្នាក់​ឥសី និង​តាបស​”។ ​ព្រះឥសូរ​ថា ​“អើ​ យើង​ក៏ចង់​ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ខាង​ស្ថាន​មនុស្ស​លោក​ដែរ ​ឲ្យ​ដឹង​ថ្វី​ដៃ​សិល្ប៍​ព្រះឥសូរ​ ព្រោះ​យើង​មិន​ទាន់​ដែល​បាន​បង្រៀន​មនុស្ស​ណា​ម្នាក់​សោះ ​ដូច្នេះ​ចូរ​ចៅ​រៀន​ក្នុង​ សម្នាក់​យើង​នេះ​ចុះ!​ ”។

ព្រះជ័យ​សុរិយា​ថា ​“​ទូលបង្គំ​ ចង់​រៀន​ណាស់​ហើយ​ តែ​មិនដឹង​គិត​ដូចម្តេច​នឹង​ទៅ​រៀង​ បាន ​បើ​ព្រះគុណ​ គង់​រហូត​ដល់​ស្ថាន​កៃលាស​ឯណោះ​”​។ ​ព្រះឥសូរ​ថា ​“​ឲ្យ​តែ​ចៅ​ព្រម ​ទៅ​តាម​យើង​ចុះ​ យើង​នឹង​ឲ្យ​ចៅ​ទៅ​បាន​ដូច​ប្រាថ្នា​”​។ ​ព្រះជ័យ​សុរិយា​ឆ្លើយថា​ “​ព្រះ គុណ​អើយ! ​បើ​ដូច្នេះ​ រូប​ទូល​បង្គំ​ខ្ញុំ​ព្រះអង្គ​នេះ ​ដូច​បាន​កើត​ម្តង​ទៀត​ហើយ”។

ព្រះឥសូរ​បញ្ឆោត​ថា ​“​ចៅ​ហា​មាត់​ឡើង!​ យើង​សុំ​រាប់​ធ្មេញ​មើល​គ្រប់​៣២​ឬ​ទេ​?​”។​ ព្រះ ជ័យ​សុរិយា​ហា​មាត់​ឡើង​ ព្រះឥសូរ​សេប​វិជ្ជា​ស្តោះ​ទឹក​មាត់​ខ្វិច​ទៅ​ក្នុង​មាត់​។ ​ព្រះជ័យ ​សុរិយា​ភ្ញាក់​លេប​ក្អឹក​ ចូល​ទៅ​ក្នុង​ពោះ​កាលណា ​ក៏​ព្រឺព្រួច​គ្រប់​រោម​ កើ​តមាន​កម្លាំង​ស្មើ ដំរីសារ​ភ្លាម​មួយ​រំពេច​ ចង់​ហោះហើរ​ដើរ​លើ​អាកាស​បាន​ដូច​ចិត្ត​បំណង​។ ព្រះឥសូរ​ក៏​នាំ ​ហោះ​ទៅ​ស្ថាន​កៃលាស​ បង្ហាត់​បង្រៀន​សិល្ប៍​ចេះ​សព្វ​គ្រប់​ហើយ​ ព្រះជ័យ​សុរិយា​ ក៏លា ​ត្រឡប់​មកនគរ​វិញ សោយ​រាជសម្បត្តិ​ មាន​ទាំង​មហេសី​ប្រសើរ​ស្មើសួគ៌​កញ្ញា​។ “ថ្ងៃមួយ​ ទ្រង់​ព​អគ្គ​ទេពី​នាំ​ហោះ​ទៅ​ថ្វាយ​សម្តេច​ព្រះគ្រូ​ប្រសិទ្ធិពរ​ជ័យមង្គល​ ឲ្យ ​លុះ​ចប់កិច្ច ​ហើយ​ ព្រះជ័យកុមារ​ក៏ក្រាប​ទូលថា ​“ខ្ញុំព្រះអង្គ សុំពរជ័យមង្គលមួយ ទុកជាកេរ្តិ៍សម្រាប់ ជម្ពូទ្វីប ដើម្បីយកទៅប្រសិទ្ធិពរ ក្នុងវេលារៀបអាពាហ៍ពិពាហ៍មង្គលពួកជាតិមនុស្ស ឲ្យ បានរុងរឿងដូចរៀបមង្គលការឯស្ថានកៃលាសផង” ព្រោះកំណើតមនុស្សលោកកើត ឡើងថយថោកណាស់ គ្មានរិទ្ធីអំណាចអ្វីទេ”។

ព្រះឥសូររំពឹងគិតសព្វគ្រប់ទៅ ឃើញថានិងឲ្យពរអ្វីក្រៅពីអង្គជាតិរបស់ខ្លួននិងយោនី អគ្គទេពីរបស់ខ្លួន។ មុខជាផ្សាយអំណាចពុំបានអង្វែងឡើយ ឥឡូវ​បើ​មិន​ឲ្យ​ធ្វើ​ម្តេច​នឹង បានផ្សព្វផ្សាយកេរ្តិ៍ឈ្មោះលោកនៅឋានមនុស្ស? បើទើបនឹងមានសិស្សជាស្តេចមនុស្ស លោកតែមួយនេះផង លោក​ក៏​ហៅ​ព្រះនាង​ឧមាភោគវតី​ជា​មហេសី​មក​និយាយសុំ លក្ខណៈយោនីនាងធ្វើជាមង្គល ឲ្យទៅស្ថានមនុស្សលោក ឲ្យមានឫទ្ធីអំណាចដូចស្ថាន កៃលាស។ ព្រះនាងអគ្គមហេសី ក៏ព្រមថ្វាយថា “សុំ​ឲ្យ​បានដូចសេចក្តីប្រាថ្នាចុះ”។ ព្រះ ឥសូរ ក៏ទ្រង់ហោះទៅយកខ្សាច់ពេជ្រពីចក្រវាឡ មកប្រសិទ្ធិធ្វើជាស្លឹកពោធិមាស ជា តំណាងយោនីព្រះនាង ទៅ​យក​ថ្ម​ពេជ្រ​ពី​ភ្នំ​ហិមាល័យមកប្រសិទ្ធិធ្វើជាទៀនមាស តំណាងអង្គជាតិព្រះអង្គ។ លុះលោកប្រសិទ្ធីរួចស្រេច លោកសន្មតឲ្យឈ្មោះថា “ពរពីវរន៍” គឺថា “ពរពីរនេះ ភ្លឺដូចប្រាថ្នា” ប៉ុន្តែហៅយារៗមកថា “ពពិល” វិញ។ រួចលោក ហុចឲ្យទៅព្រះជ័យ ទាំងប្រាប់ថា “របស់នេះហើយ ជាមង្គលធំ ចូរអ្នកយកទៅទុកចាកេរ្តិ៍ នៅឋានជម្ពូទ្វីបចុះ បើត្រូវការៀបផ្សំផ្គុំកូនចៅ ត្រូវយកទៀនមាស បិទនឹងស្លឹកពោធិអាស នេះ យកភ្លើងអុជឲ្យឆេះ ហើយបង្វិល៣ជុំសាមីខ្លួន រួចលត់ទៅវិញ យកផ្លិតបក់ផ្សែងឲ្យ បួលមាត់ច្រមុះសាមីខ្លួនទាំងប្រុសស្រី ផ្សែងនោះមានក្លិនក្រអូបដូចផ្កាមន្ទោបុស្បពីឋាន សួគ៌នាយ ឲ្យតែដកដង្ហើមចូលផ្សែងចូលដល់ក្នុងខ្លួនកាលណា នឹងព្រួចព្រឺរោមា មាន កម្លាំងដូចដំរីសារ ទាំងប្រុស-ស្រី និងកើតជាបុត្រឡើងមានបុណ្យអំណាចឫទ្ធានុភាព ច្រើន”។

ព្រះជ័យ ទទួលបង្គលពីព្រះរាជគ្រូរួចកាលណា ក៏ពរទេពីហោះត្រឡប់មកនគរវិញ។ ស្តេចទ្រង់ផ្សាយដំណឹងនោះ ដល់នាម៉ឺនមុខមន្ត្រី សេនា​ទាហាន​ក្នុង​ព្រះនគរ​បាន​ដឹង គ្រប់គ្នាទាំងអស់ថា “បើអ្នកណារៀបផ្សំផ្គុំកូនចៅឲ្យជាប្តីប្រពន្ធ ត្រូវមកដង្ហែមង្គលនេះ ទៅអុជយកផ្សែង បក់ឲ្យស្រូបបន្តិចៗគ្រប់គ្នា ដើម្បី​ឲ្យ​មាន​កម្លាំង​ពលំ​ដូចដំរីសារ កើតជា បុត្រមកឆ្លាតវាងវៃ ថាបើប្រុសស្រីណា ដែលមានកម្លាំងហេវហោច ស្គមកំព្រឹងកំព្រយ យ៉ាងណាក៏ដោយ ឲ្យ​តែ​បាន​ជិត​គេ​នៅ​វេលា​ដែល​គេ​រៀប​មង្គលការ ហើយផ្សែងបក់មក ត្រូវបន្តិចបន្តួច ក៏មានសាច់ឈាមល្អឡើង មានកម្លាំងដូចដំរីសារ ជាទៀងពិតប្រាកដ ណាស់”។

យូរមក ប្រហែលជាជាង ១០០ឆ្នាំទើបអស់ទៀនទៅ ស្តេចមន្ត្រីសេដ្ឋី និងបណ្តាជន ក៏នាំ គ្នារចនាធ្វើជាទៀនខ្លួនឯងជំនួស ខ្លះមានក៏ធ្វើស្លឹកពោធិដោយមាស ខ្លះ​ធ្វើ​ដោយ​ប្រាក់​ សំរិទ្ធ ទង់ដែង ស្ពាន់ ដែក។ ឯទៀនគេយកក្រមួនលញ់ធ្វើដូចសត្វដង ហើយបិទទឹក មាស រួចទើបសន្មតថា “ស្លឹកពោធិ និង​ទៀន​នេះ​ហើយ​ជា​តំណាង​​យោនី​នាង​ឧមាភោគ​វតី និងអង្គជាតិព្រះឥសូរ សូមឲ្យមានឫទ្ធីអំណាច ដូចរបស់លោកដែលបាននិម្មិតប្រទាន !” ហើយ​យក​ទៅ​អុជ​បក់​ផ្សែង​ឲ្យនៅវេលារៀបមង្គលការនោះទៅ។

អាស្រ័យរឿងនេះ ទើបបានជាជាប់មានទំនៀមបង្វិលពពិល រហូតមកដល់ឥឡូវនេះ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ​១​