រឿងព្រេងទាក់ទងនឹងឆ្កែនោមលើកជើងម្ខាង
លោកអ្នកធ្លាប់ឃើញទេ? សត្វសុនខវាកាន់ប្រពៃណីពីរប្រការគឺ ៖ ១-តែកាលណាវាជួបគ្នាវានៅទីណាៗក៏ដោយ មិនថាញី មិនថាឈ្មោលទេ វាតែងតែហិតគុថគ្នាទៅវិញទៅមក ។ កិច្ចនេះចាទៀងទាត់ខានធ្វើមិនបាន ។ ២-សត្វសុនខឈ្មោល កាលណាវាបន្ទោរបង់បស្សវៈ តែងតែលើកជើងម្ខាងជាដរាប ។ កិច្ចនោះក៏វាលះបង់មិនបានដូចគ្នា ។ លោកអ្នកយល់ទេ កិច្ចវត្តទាំងពីរប្រការ ដែលសុនខតែងប្រព្រឹត្តមកមិនដែលខាននោះ តើបណ្ដាលមកអំពីអ្វី? មានពីត្រឹមណាមក? កិច្ចវត្តដែលសុនខតែប្រព្រឹត្ត២ប្រការនោះគឺ ៖ កិច្ចវត្តប្រការទី ១ គឺកាលបីបឋមកប្ប ដែលទើបកើតមានមនុស្ស មានសត្វមានសាសនា ពាក្យប្រដៅ បន្តិចបន្តួចលើផ្ទៃផែនដីនោះ មានរឿងដំណាលថា ក្នុងសម័យព្រេងនាយ មានវត្តអារាម មានអ្នកបួសកាន់សីលធម៌សុចរិត កាន់ពាក្យសច្ចៈប្រជុំគ្នាដោយពួកៗ នៅក្នុងវត្តនីមួយៗ ។ មានសុនខជាច្រើនជ្រកកោននៅក្នុងវត្តចាំបរិភោគអាហារ ដែលសេសសលអំពីអ្នកបួស តែកាលណាលោកប្រជុំចានចង្ហាន់នៅលើសាលា ពួកសុនខក៏នាំគ្នាឡើងទៅ ក្រាប់គាល់លោកចាំបរិភោគអាហារសំណល់តែរៀងរាល់ថ្ងៃ ខែ ឆ្នាំ ពុំដែលខាន ។
ឯភូមិផ្ទះអ្នកស្រុកឥតមានសុនខអាស្រ័យនៅដូចសព្វថ្ងៃនេះទេ ។ ថ្ងៃមួយនោះ បណ្ដាពួកសុនខទាំងនោះ មានសុនខមួយចេញខ្យល់អាចមន៍ "ផោម" ធុំក្លិនអាក្រក់ដល់លោកមេវត្ត ដែលលោកកំពុងឆាន់ ។ លោកក៏សួរទៅពួកសុនខដែលនៅជួបជុំគ្នានោះ ឲ្យឆ្លើយតាមពិតត្រង់ តែគ្មានសុនខណាមួយទទួលថាខ្លួនផោមសោះ ។ ឯលោកគ្រូមេវត្តលោកជ្រាបច្បាស់ថា មានសុនខមួយក្នុងចំណោមនោះ ចេញផោមប្រាកដ ទើបលោកពោលថា "អើបើឯងនៅតែលាក់បិទបាំងមិនសម្ដែងទោសកំហុសរបស់ខ្លួនដូច្នេះ ចូរឯងទាំងឡាយ វិនាសចាកវត្តក្នុងកាលឥឡូវនេះចុះ" ដោយពាក្យសច្ចរបស់លោកគ្រូ ពួកសុនខក៏អន្ដរធានចាកវត្តក្នុងបេលមួយរំពេច ពុំអាចទប់ទល់បានឡើយ ។ តាំងអីពីពេលនោះមក សុនខទាំងឡាយក៏ក្លាយទៅជាសត្វអនាថា ចេញទៅលាក់ខ្លួនពួនអាត្មាដោយព្រៃខ្លះ ដោយផ្ទះសម្បែងគេខ្លះ អត់ឃ្លានពន់ពេកកើតក្ដីសង្វេគអាណិតតែរៀងខ្លួន ។ តាំងពីថ្ងៃនោះមក ពួកសុនខទាំងនោះក៏តាំងចិត្តស្វែងរកភស្ដុតាងឲ្យប្រាកដថា សុនខណាវាផោមហើយលាក់បិទបាំងទុក បណ្ដាលឲ្យពួកសុនខដែលសុចរិតស្លូតត្រង់ទទួលសេចក្ដីលំបាកវេទនា ។ ហេតុនេះបានជាពួកសុនខប្រកាន់ខ្ជាប់ ក្នុងកិច្ចវត្តនោះតាំងពីកាលនោះរៀងៗមក តែបានជួបគ្នាវេលាណាក៏តាំងផ្ដើមកិច្ចវត្តមួយមុនកិច្ចផ្សេង ទឿតៗ គឺចូលទៅហិតគុថគ្នាទៅវិញទៅមក ហើយបានធំក្លិនអសោចិដូចគ្នា សុនខមួយក៏ញេញធ្មេញបញ្ចេញសម្លេងឡើងថា ង៉ែងៗ សុនខម្ខាងទៀតក៏ចោទមកវិញថា ង៉ែងៗ ដូចគ្នាទើបបង្កើតទោសឡើងព្រមគ្នា ក៏ប្រើកម្លាំងកាយប្រយុទ្ធគ្នាទៅវិញទៅមកពេញទំហឹងឡើង ។
កិច្ចវត្តប្រការទី ២ គឺសុនខឈ្មោលមានប្រកាន់កិច្ចវត្តមួយបែបទឿត គឺពេលបន្ទោលបង់បស្សវៈ តែងតែលើកជើងម្ខាងជាដរាប ។ រឿងទីពីរនេះ ក៏កើតឡើងក្នុងសម័យជាមួយគ្នានឹងរឿងទី ១ ដែរ ។ កិច្ចវត្តដូចមានសេចក្ដីដំណាលតៗគ្នាមកថា សម័យនោះ មានបុរសស្ត្រីប្ដីប្រពន្ធមួយគ្រួ មានទីលំនៅមិនឆ្ងាយអំពីទីអារាមណាស់ណាទេ លុះដល់ខ្លួនកាន់តែចាស់ៗទៅ មានសេចក្ដីសង្វេគ ទើបនាំគ្នាស្វាមីភរិយាគិតពិចារណាថា "យើងចាស់ៗណាស់ហើយ ចូលក្នុងសេចក្ដីមិនទៀង តែយើងទាំងពីរនាក់ជាអ្នកទុរគតក្រខ្សត់គ្មានអ្វីនឹងធ្វើបុណ្យឲ្យ ទានដល់ម្ដងសោះ យល់ជានឹងស្លាប់ទៅទទេ ឥតផលប្រយោជន៍អ្វីឃើញនឹងបង់ជាតិកំណើតដែលបានកើតមកជាមនុស្សមនេះ មិនខាន" ។ ទើបយាយចាស់ឆ្លើយតបឡើងថា "ថ្វីត្បិតតែក្រ បើប្រឹងត្រដរទៅក៏គង់ធ្វើបានខ្លះមិនលែង គ្រាន់តែទុគ្គតបណ្ណាការទៅចុះ" តាតបថា "អើយាយ! យាយឯងថាធ្វើបាន តើបានអ្វីធ្វើ?" ។ យាយថា "បើគាត់តាមខ្ញុំ ទើបធ្វើបាន" ។ ទើបយាយអធិប្បាយថា "សព្វថ្ងៃនេះ មានស្រែគេនៅជុំវិញភូមិយើង គេទើបនឹងច្រូតដឹកនាំយកទៅលែងអ្វីនឹងជ្រុះគ្រាប់ស្រូវខ្លះ បើយើងនាំគ្នាទៅរើសមួយថ្ងៃ គង់ដណ្ដាំបាយបានចង្ហាន់ម្ដងដែរ" ។ តាថា "យីយាយថានេះ ហៅថាពេញជាត្រូវ ណ្ហើយយាយប្រញាប់ទៅក្រែងវាបានក្រែលបន្តិច" ។ ថាយើងយាយ និងតាកាន់ល្អីមួយម្នាក់ ចេញទៅតើសស្រូវនៅក្នុងស្រែ ដែលគេទើបច្រូតកាត់ហើយ ។ រើសមួយថ្ងៃវាល់ស្ងាចបានស្រូវប្រមាណមួយត្រឡោកម្នាក់ យាយតាក៏នាំគ្នាវិលមកផ្ទះវិញ ។ លុះបរិភោគអាហាររួចហើយក៏បបួលគ្នារកគ្រាប់ស្រូវ ចំណែកខាងតា គាត់យកកាំបិទស្លាកោសគ្រាប់អង្ករដែលយាយបករួចហើយនោះ ឲ្យជ្រុះកន្ទក់ចេញ ម្លោះហើយគ្រាប់អង្ករនោះមានសម្បុរសភ្លឺថ្លាដូចពងសង្អារ ជិតភ្លឺយាយយកអង្គរនៅទោលាងទឹក យើងច្រកក្នុងឆ្នាំងដណ្ដាំបាយតាមធម្មតា ។
និយាយពីលោកគ្រូ លោកមានញាណយល់ការណ័ជាក់ច្បាស់ដោយអំណាចលោក កាន់ធម៌សច្ចៈ លោកបានជ្រាបហេតុពីយាយ និងតាប្រាថ្នាធ្វើមហាទានក៏លោកហៅភិក្ខុសាមណេរមកប្រជុំប្រាប់ថា "យប់នេះត្រូវនាំគ្នាបោសសំអាតដោតទង់ចងស៊ុំឲ្យរុងរឿង ព្រោះព្រឹកនេះ មានមហាទានចូលមកដល់វត្តរបស់យើង ដូច្នេះត្រូវយើងធ្វើឲ្យគួរសមនឹងទទួលមហាទាន ។ គ្រានោះភិក្ខុសាមណេរទាំងឡាយ ក៏ខ្វល់ខ្វាយបោសច្រាសសម្អាតវត្តសងស៊ុំដូចជាការធ្វើទានមហាកឋិន មួយ ។ លុះព្រឹកឡើងអរុណរៀបរះ ស្រាប់តែខើញយាយ និងតាបណ្ដើរគ្នាចូលទៅក្នុងវត្ត ។ ឯយាយគាត់កណ្ដៀតល្អីមួយ មានបាយមួយចានដាក់ក្នុងល្អីដើរចូលសំដៅទៅកុដិលោកគ្រូធំៗវាយ រគាំងម៉ឺងៗ ប្រជុំភិក្ខុសាមណេរធ្វើភត្តានុមោទនា ។ នោវេលាគ្រានោះ មានភិក្ខុមួយរូបក្ដៅចិត្តណាស់ ស្ទុះចេញទៅឈរចាំមើលផ្លូវ ។ លុះយាយ និងតាបណ្ដើរគ្នាចេញទៅដល់ព្រំវត្ត ភិក្ខុនោះក៏និយាយថា "នែយាយ និងតាក្រោយៗយកចង្ហាន់របស់យាយ និងតាទៅវត្តឯណាទៀតទៅកុំនាំចូលវត្តនេះទៀត សព្វបើបាយមួយចាន ឲ្យគេលំបាកអស់មួយយប់" ។ ថាហើយភិក្ខុនោះគេចចេញបាត់ទៅ ។ រីឯយាយ និងតាលុះបានឮសម្ដីភិក្ខុនោះ និយាយដូច្នោះហើយ ក៏មានសេចក្ដីវិតក្កក្នុងចិត្តពន់ពេក នាំគ្នាសង្វេគក្នុងចិត្តថា "ឳកម្មអើយ! កម្ម! ហេតុតែយើងក្រីក្រធ្វើទានមិនដិតដល់ បានជានាំឲ្យលោកមិនសប្បាយចិត្ត" ។ តាថា "ចុះយាយគិតយ៉ាងដូចម្ដេចទៀត?" យាយថា "តាកុំព្រួញមិនអ្វីទេសព្វថ្ងៃខ្ញុំឃើញសុនខខ្ចាត់ភ្លាត់ មកនៅក្បែរផ្ទះយើងច្រើនណាស់ ជាន់នោះប្រហែលជាគេសម្គាល់ថា សម្លាត់សត្វយកទៅធ្វើបុណ្យមិនបាប ត្រឡប់ទៅជាបុណ្យច្រើនទៅវិញទេដឹង?" ។ តាថា "ឳមែនហើយយាយ! មកយាយយកចន្ទាស់ទ្វារមួយមក" ។ ថាហើយ តាដកដាវចេញពីស្រោមបណ្ដើរយាយចេញផុតបិផ្ទះទៅ ក៏ស្រាប់តែប្រទះសុនខ ៤-៥ នៅហែៗ ក្បែរព្រៃ ។ តាថា "យាយស្ទាក់ពីមុខ" យាយស្ទុះដេញវាយត្រូវសុនខមួយដម្បង តាស្ុះទៅត្រកងនឹងដាវដាច់កសុនខមួយទៅ ។ ស្ទាក់ចុះស្ទាក់ឡើងសម្លាប់បានសុនខ ៤-៥ ក្បាល ។
យាយថា "ល្មមហើយតា! ល្មមធ្វើចង្ហាន់លោកបានហើយ" ហើយយកខ្សែចងសែងជញ្ជូនយកទៅផ្ទះ យាយគាត់ចាត់ការបានច្រើនមុខ គាត់ធ្វើជាសាច់ច្រនួតដោត ជាចង្កាក់ៗ ឲ្យតាអាំងគាត់ហាន់ជាដុំៗ ដាក់ថ្លាងមួយ ហើយគាត់ហាន់តូចៗ ធ្វើជាសម្លរម្ជូរគ្រឿង ។ ក្នុងរាត្រីនោះ លោកគ្រូធំឈ្វេងយល់ទៀត ក៏ប្រជុំភិក្ខុសាមណេរមកប្រាប់ថា "ព្រឹកស្អែកមានទានមកដល់វត្តយើងទៀតហើយ ប៉ុន្តែទាននោះថាធំក៏បាន ថាតូចក៏បាន មិនចាំបាច់រៀបវត្តទទួលទេ" ។ លុះព្រឹកឡើងភ្លឺច្បាស់ឃើញយាយទូលថ្លាងមួយ តារែកអម្រែកមួយចូលទៅក្នុងវត្ត ។ លោកគ្រូក៏វាយរគាំងម៉ឺងៗបីបទប្រជុំភិក្ខុ សាមណេរធ្វើភត្តានុមោទនា រួចហើយលោកគ្រូហាមថា "ភិក្ខុក្ដី សាមណេរក្ដីបើបាន ទទួលចង្ហាន់មានដុំសាច់ កុំអាលឆាន់ត្រូវនាំយកសម្លដែលមានដុំសាច់នោះមកប្រគល់ឲ្យអាត្មា កុំខាន" ។ លុះធ្វើភត្តានុមោទនារួចហើយ យាយ និងតាក៏ដួសសម្លចែកលោកគ្រប់កុដិ ។ ឯភិក្ខុសាមណេរកាលបានទទួលម្ហូបស្រេចហើយ ពិចារណមើលពុំឃើញមានត្រី មានសុទ្ធតែសាច់ក៏នាំគ្នាយកម្ហូបនោះទៅប្រគេនលោកគ្រូធំអស់ទៅ នៅសល់តែភិក្ខុមួយរូប ពុំបានយកសម្លទៅប្រគេនលោកគ្រូធំ សម្លទុកឆាន់តែម្នាក់ឯង ។ ឯលោកគ្រូធំស្មានថា អស់លោកយកមកជុំគ្នាហើយ ក៏សូត្រគាថាផ្សំធាតុកើតឡើងជាសុនខ ។ ឯសុនខដែលកើតដោយអំណាចគាថានោះ កើតឡើងជារូបសុនខសុទ្ធសាធតែមានតែជើងបី ។ ទើបលោកគ្រូធំចាត់លោកគ្រូសូត្រឲ្យដើររកមើលគ្រប់កុដិទៅឃើញ ភិក្ខុមួយរូបនោះ មានសាច់ច្រនួត មានខ មានសម្លម្ជូរគ្រឿង សុទ្ធតែសាច់ ក៏បង្គាប់ឲ្យភិក្ខុនោះនាំយកទៅប្រគេនលោកគ្រូធំ ។
លុះលោកគ្រូធំបានទទួលម្ហូបថ្មីទៀត ក៏លោកសែកផ្លុំម្ដងទៀត ទើបកើតជាសុនខមានជើងបួនគ្រប់ទាំងបួនដូចដើមវិញ ។ តាំងពីថ្ងៃនោះ សត្វសុនខកើតមានសេចក្ដីកតញ្ញូដល់លោកគ្រូជាប់ជានិច្ចក្នុងចិត្ត តែកាលណាបន្ទោរបង់បស្សវៈ ក៏នឹងរឮកដល់គុណរបស់លោកគ្រូថា កុំតែបានលោកគ្រូកុំអីយើងខ្វះជើងមួយ គិតហើយក៏លើកជើងក្រោយម្ខាងឡើងគំនាប់រំឭកគុណ នៅពេលបន្ទោរបង់បស្សាវៈ គឺលើកជើងដែលលោកគ្រូបង្កើតឲ្យលើកក្រោយបង្អស់នៅឯង ។
ប្រជុំរឿងព្រេងខ្មែរ
