ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

រឿងចចកនិងកូនចៀម

កូន​​​​ចៀម​​​​មួយ​​​​រក​​​​ចុះ​​​​ផឹក​​​​ទឹ​ក​​​​នៅ​​​មាត់​ស្ទឹង​​មួយ ​​ទឹក​​យ៉ាង​​ថ្លា​​។ ចចក​​ដែល​​អត់​​អាហារ​​​យូរ​​ថ្ងៃ​​ហើយ​​​​​ដើរ​​ ស្វែង​​រក​​ចំណី​​ មក​​ប្រ​ទះ​​កូន​​ចៀម​​នៅ​​​ទី​នេះ​​ដែរ​​។​ ចចក​​កំញើញ​​កូន​​ចៀម​​ថា​​ “​ អា​ណា​​បើក​​អំណាច​​ឲ្យ​​អា​​ឯង​​មក​​កកូរ​​ទឹក​​អញ​ល្អក់​ដូច្នេះ​ អាឯង​ ព្រហើន​ឥត​ពិចារណា​ អា​ត្រូវ​ទោស​ឥឡូវ​មិន​ខាន​ឡើយ​។

កូន​ចៀម​ក៏​ឆ្លើយ​ថាៈ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​ សូម​កុំ​មាន​ព្រះ​ហឫទ័យ​ខ្ញាល់​អ្វី​ឡើយ​ សូម​ទ្រង់​ពិនិត្យ​សំគាល់​មើល​សិន​ ដែល​ទូល​ព្រះ​ បង្គំ​ចូល​មក​ផឹក​នេះ​​ គឺ​នៅ​ឆ្ងាយ​ពី​ទ្រង់​ប្រមាណ​២០​ជំហាន​ ហើយ​ក្រោម​ ទឹក​ផង​ ហេតុ​ដូច្នេះ​ ទូល​បង្គំ​ធ្វើ​ដូចម្តេច​ នឹង​អាច​ធ្វើ​ឲ្យ​ល្អក់​ទឹក​ ទ្រង់​បាន​។

ចចក​ស្រែក​គំហក​ថែម​ទៀត​ថាៈ អាឯង​ហ្នឹង​ធ្វើ​ឲ្យ​​ល្អក់!​

ហើយ​ម្យ៉ាង​ទៀត​ពី​ឆ្នាំ​ទៅ​ អាឯង​និយាយ​ដើម​អញ​ អញ​ដឹង​ច្បាស់​។​

កូន​ចៀម​ឆ្លើយ​ទៀត​ថាៈ ទូល​បង្គំ​និយាយ​ដើម​ដូចម្តេច​​កើត​​ បើ​ទូល​បង្គំ​មិន​ទាន់​ទាំង​កើ​ត​ផង​​ សព្វ​ថ្ងៃ​ទូល​បង្គំ​នៅ​បៅ​ដោះ​ម្តាយ​នៅ​ឡើយ ​។​

បើ​មិន​មែន​អា​ឯ​ង​ ក៏បង​អាឯង​ដែរ!

ទូល​បង្គំ​គ្មាន​បង​ទេ​។​

បង​ប្អូន​សាច់​ញាតិ​អាឯង​គ្មាន​ឬ​អ្វី​ អាឯង​រាល់​គ្នា​នេះ​មិន​ដែល​ សន្តោស​អញ​ម្តង​សោះ​ទេ​ អ្នក​គង្វាល​អាឯង​ក្តី​ ឆ្កែ​អាឯង​ក្តី​ ពេល​នេះ​ ត្រូវ​តែ​អញ​សង​សឹក​វិញ​។

គ្រាន់​តែ​ពោល​ប៉ុណ្ណេះ​ចចក​មិន​បាច់​ជជែក​វែក​ញែក​តទៅទៀត​ឲ្យយូ​រការព្រោះ​ឃ្លាន​ពេក​ ក៏​ស្ទុះ​​ខាំ​កូន​ចៀម​យក​ចូល​ព្រៃ​បរិភោគ​តាម​អំពើ​ចិត្ត​។​

រឿង​នេះ​បាន​ជា​គតិ​ថាៈ ការយល់​ឃើញ​របស់​អ្នក​មាន​អានុភាព​ តែង​ត្រូវ​ទុក​ជា​ប្រសើរ​ទាំង​អស់​។

(ដក​ស្រង់​ចេញ​ពី​ ទស្សនាវដ្តី​កម្ពុជសូរិយា​  លោក​ ផេង​ ជ្រី​វ​ អ្នក​ប្រែ​រៀប​ចំ)