រឿងឆ្នាំងដីនិងឆ្នាំងដែក
ឆ្នាំងដែកនិយាយបបួលឆ្នាំងដី ឲ្យធ្វើដំណើរទៅស្រុកឆ្ងាយលេង ជាមួយគ្នា។ ឆ្នាំងដីនិយាយអង្វរសូមទោសថាៈ ខ្លួននៅតែផ្ទះ ក្បែរជើងក្រានបានហើយព្រោះខ្លួនគ្រាន់តែប៉ះនឹងវត្ថុអ្វីបន្តិច មុខជាអន្តរាយមិនខាន ចំណែកអ្នកស្បែករឹងជាងខ្ញុំ ខ្ញុំយល់ថា អ្នកឯងគ្មានអ្វីជាគ្រឿងឧបសគ្គឡើយ។ ឆ្នាំងដែកតបថាៈ យើងជាអ្នក ការពារ អ្នកមិនត្រូវព្រួយឡើយ ប្រសិនបើតាមផ្លូវលោជាមានវត្ថុ អ្វីរឹងៗបំរុងមកទង្គិចអ្នកឯង យើងធានាស្ទុះទៅឈរកណ្តាល ហើយយើង ទង្គិចតែមួយប៉ឹងអ្នកឯងនឹងរួចខ្លួនប្រាកដ។
ពាក្យប៉ុណ្ណេះនេះ ធ្វើឲ្យឆ្នាំងដីទុកចិត្តអស់ពីពោះហើយយល់ព្រមតាម។ ឆ្នាំងដែកឈរទន្ទឹមឆ្នាំងដី រួចអ្នកទាំងពីរចេញដំណើរ ល្គិបល្គប់ៗរមៀលទង្គិចគ្នាទៅវិញទៅមក គ្រាន់តែប៉ះនឹងអ្វីតូច មួយ ឆ្នាំងដីស្រែកថ្នូរ មិនបានទាំងមួយរយជំហានផង ឆ្នាំងដីបែក ខ្ទេច ដោយប៉ះទង្គិចតែនឹងគ្នាឯង មិនបាច់ចាំព្រួយខ្លាចក្រែង អ្នកដទៃមកទង្គិចឬធ្វើឲបែកឡើយ។
ត្រូវយើងរាល់គ្នាដើរចូលតែនឹងមនុស្សមានភាពស្មើគ្នា បើពុំដូច្នោះទេខ្លាចក្រែងយើងនឹងដូចជាវាសនាឆ្នាំងដីខាងលើនេះ។
(ដកស្រង់ចេញពី ទស្សនាវដ្តីកម្ពុជសូរិយា លោក ផេង ជ្រីវ អ្នកប្រែរៀបចំ)
