រឿងកញ្រ្ជោងនិងក្រសារ
ថ្ងៃមួយ កញ្រ្ជោងរៀបចំភោជនាហារ ហើយអញ្ជើញសំឡាញ់ក្រសារមកបរិភោគ ម្ហូបក៏តិចហើយមិនគ្រប់គ្រាន់ សម្លសុទ្ធតែរាវៗព្រោះកញ្រ្ជោងគាត់ស៊ីតិច។ សម្លនេះសោតទៀតដាក់តែក្នុងចានទៀប។ ក្រសារចំពុះវែងស៊ីពុំបានមួយម៉ាត់ឬមួយដុំតូចសោះ។ ចំណែកកញ្រ្ជោងសត្វខឹល លិទ្ធតែម្នាក់ឯអស់មួយរំពេចក្នុងពេលនោះ។
ដើម្បីសងសឹក អំពីរឿងបញ្ឆោតនេះ មិនកន្លងទៅបានប៉ុន្មានថ្ងៃ ក្រសារក៏អញ្ជើញកញ្រ្ជោងមកស៊ីលៀងឯទីលំនៅរបស់ខ្លួនម្តងវិញ។
កញ្រ្ជោងមានវាចារថា"ពេញចិត្តណាស់ ព្រោះមិត្តភក្តិមានការ ខ្ញុំមិនតឹងតែងទេ"។
ដល់ពេលកំណត់ៈ កញ្រ្ជោងត្រាច់ទៅឯផ្ទះក្រសារជាសំឡាញ់ ហើយសំដែងការគួរសមរាក់ទាក់យ៉ាងក្រៃលែង ចំណែកម្ហូបក៏ឆ្អិនស្រេចៈ កំពុងតែស្រួលខ្លួនស៊ីអាហារបានផង កញ្រ្ជោងរកពីណាខានមិនមក ធំក្លិនសាច់ចិញ្រ្ចាំយ៉ាងឈ្ងុយ គាត់រីករាយសប្បាយគិតស្មានថា ម្តងនេះអស់ក្រឡាហើយ។
ដើម្បីធ្វើឲកញ្រ្ជោងពិបាក ស៊ីមិនកើតវិញ ក្រសារដាក់សម្លក្នុងថូមួយកងវែង ហើយតូចល្មមតែកគាត់អាចលូកចូលចុះ អាខិលកញ្រ្ជោងមាត់ធំហួស លូកធំពុំកើត ក្រសារលូកចិកស៊ីតែម្នាក់ឯធ្វើព្រងើយ។
កញ្រ្ជោងអត់អាហារត្រឡប់មកផ្ទះវិញ ខ្មាសក្រសារទម្លាក់កន្ទុយដាក់ស្លឹកត្រចៀកចុះ មុខស្ងួត។
អ្នកបោកគេទាំងឡាយ! ចូរប្រយ៍ត្នខ្លួន មានថ្ងៃណា មុខជានឹងបានសេចក្តីអាមាសមុខ ដូចរឿងនេះមិនខានឡើយ។
(ដកស្រង់ចេញពីទស្សនាវដ្តីកម្ពុជសូរិយា ប្រែរៀបរៀងដោយ លោក ផេង ជ្រីវ)
