រឿងបុរស៤នាក់ដើររកភូមិដាំដើមដូង
មាននិទានមួយដំណាលថាៈ មានបុរស៤នាក់គិតគ្នានឹងរកភូមិដាំដើមដូង បុរសទាំង៤នាក់ ក៏បណ្តើរគ្នាទៅដល់ភូមិមួយមានស្រះ៤ ទើបបុរសទាំងបួនយកដូងទៅដាំកណ្តាលភូមិនោះ ហើយបុរសទាំង៤តៅរក្សាដូងនោះ បុរសម្នាក់នៅខាងកើតដើមដូង បុរសម្នាក់នៅខាងលិចដើមដូង បុរសម្នាក់នៅខាងជើងដើមដូង បុរសម្នាក់នៅខាងជើងដើមដូង បុរសម្នាក់នៅខាងត្បូងដើមដូង ហើយបុរសទាំង៤នោះ តែងទៅដងទឹកមកស្រោចដូងនោះ ជាសព្វថ្ងៃ។ បុរសនៅឯកើតទៅដងទឹកស្រះខាងកើត បុរសនៅឯលិចទៅដងទឹកនៅស្រះខាងលិច បុរសនៅឯជើងទៅដងទឹកនៅស្រះខាងជើង បុរសនៅឯត្បូងទៅដងទឹកស្រះខាងត្បូង ស្រះទាំង៤នោះសឹងមានចម្ងាយស្មើគ្នា។ លុះដូងផ្លែ៥ បុរសទាំង៤បេះផ្លែដូង៥ មកចែកគ្នា១ម្នាក់នៅសល់ផ្លែដូង១ ក៏ដណ្តើមគ្នាហើយនាំទៅគាល់ព្រះមហាក្សត្រ ក្រាបបង្គុំដោយដំណើរទីទៃៗ។
ព្រះមហាក្សត្រទ្រង់ពិចារណថា "ចៅទាំង៣នាក់សឹងព្រួយស្មើៗគ្នា តើចៅម្នាក់ខាងកើតដើមដូងនោះ ព្រួយលើសគេ ពិបាកលើសគេបន្តិច ព្រោះព្រឹកព្រហាមឡើងបុរសនោះ ចេញទៅដងទឹកស្រះ ព្រះអាទិត្យចាំងចំពីមុខ លុះដងទឹកបានហើយវិលមកខាងលិចថ្ងៃរសៀលចាំងចំពីមុខ បុរសនោះដើរច្រាសថ្ងៃទៅវិញទៅមកដូច្នេះ ទើបផ្លែដូង២ត្រូវបានទៅចៅនៅខាងកើតនោះឯង។ ព្រះអង្គកាត់សេចក្តីដូច្នេះហៅថាសុគតិគមនំហោង។
(ស្រង់ចេញពីប្រជុំរឿងព្រេងខ្មែរភាគ៣ ទាក់ទិននឹងរឿងកាត់សេចក្តី)
