រឿងដឹងសងដឹងអំបែងសងអំបែង
មាននិទានមួយដំណាលថាៈ មានបុរសប្តីប្រពន្ធមានកូនប្រុសម្នាក់។ បុរសជាប្តីនោះទៅខ្ចីដឹងអំពីសេដ្ឋីម្នាក់យកទៅកាប់ឧស លុះលើកឡើងនឹងសំពងកាប់ស្រាប់តែដឹងរង្គោះខ្ចាត់ទៅត្រូវប្រើស មួយ កប់បាត់ក្នុងខ្លួនប្រើសនោះៗចូលព្រៃទៅ តាមរកពុំំឃើញ។ បុរសនោះក៏វិលមកផ្ទះវិញ ប្រាប់ប្រពន្ធកូន ហើយទៅប្រាប់សេដ្ឋីដោយនូវដំណើរដឹងបាត់នោះ។ សេដ្ឋីថា "ដឹងនេះជារបស់កំសត់កម្រពីមេបាអញ បើឥតអំពីដឹងនេះហើយ អញគ្មានអ្វីប្រើការឡើយ"។ បុរសនោះអង្វរសុំសងជាដឹងមួយថ្មីវិញ សេដ្ឋីព្រមានថា "លុះតែបានដឹងដើមទើបយក"។ ទោះជាបុរសនោះអង្វរសុំសង១ជា២ក៏សេដ្ឋីពុំព្រមយក។ បុរសនោះវិលទៅគិតនឹងប្រពន្ធ រួចត្រឡប់ទៅរកសេដ្ឋីទៀតអង្វរសុំសង១ជា៤ សេដ្ឋីនៅតែមិនព្រមយក សង១ជា១០សេដ្ឋីពុំព្រមយកទៀត នៅតែទទូចនិយាយថា "ឲ្យបានដឹងដើមនោះទើបយក"។ បុរសនោះលាសេដ្ឋីវិលទៅគិតនឹងប្រពន្ធព្រមព្រៀងគ្នាថា "ត្រូវយកកូនកំលោះធ្វើសំណងវិញ"។ លុះគិតគ្នាដូច្នេះហើយ បុរសនោះក៏នាំកូនកំលោះទៅប្រគល់ឲសេដ្ឋីជាសំណងនោះ។ សេដ្ឋីនោះព្រមទទួលយក។ បុរសនោះក៏វិលទៅផ្ទះអាត្មាវិញ ហើយទៅរកឧសក្នុងព្រៃទៀត ស្រាប់តែឃើញប្រើសនោះស្លាប់រលួយ ហើយឃើញទាំងដឹងនៅនោះផង ក៏មានសេចក្តីត្រេកអរឥតឧបមា នាំយកមកផ្ទះស្គាល់ជាក់ជាដឹងរបស់មហាសេដ្ឋី ដុះលាងស្អាតហើយក៏យកទៅជូនសេដ្ឋី ប្រាប់តាមដំណើរនោះសព្វគ្រប់ ហើយសុំយកកូនមកវិញ។ ឯសេដ្ឋីស្គាល់ដឹងនោះជាក់ ក៏ទទួលយកហើយឲកូនកំលោះទៅបុរសនោះនាំទៅកាន់លំនៅរបស់ខ្លួន។ ចំណេរកាលមកក្រោយដល់រដូវស្រូវទុំ បុរសប្តីប្រពន្អដាល់អំបុកស៊ី កូនស្រីសេដ្ឋីនោះធំក្លិនអំបុកនឹកចង់ស៊ី អង្វរម្តាយឪពុកឲរកអម្បែង ដោយសេដ្ឋីរកអម្បែងមិនបាន ក៏ចូលទៅខ្ចីអម្បែងបុរសនោះ លុះដាល់អំបុករួចហើយជួនជាមានឆ្កែប្រខាំគ្នាពារលើអប្បែងនោះបែក ខ្ទេចអស់។ សេដ្ឋីទៅប្រាប់បុរសនោះៗយំគក់ទ្រូងថា "អម្បែងនេះជារបស់កំសត់កម្រពីមេបាមក ត្រូវតែរកអម្បែងដើមមកសងវិញទើបបាន"។ ទុកជាសេដ្ឋីអង្វរថា "នឹងសង១ជា២ក្តី" បុរសនោះក៏ពុំព្រមយកឡើយ គឺទទូចយកឲតែបានអម្បែងដើមនោះឯង បើមិនបានអម្បែងដើមនោះមិនព្រមទេ។ ទុកជាសេដ្ឋីឲទៅនិយាយថា នឹងសង ១ ជា ៤ ក្តី ជា ១០ ក្តី បុរសនោះក៏ពុំព្រមសោះ។ សេដ្ឋីខឹងទៅប្តឹងចៅក្រមៗឲហៅបុរសនោះមកដណ្តឹងសួរដោយដំណើរ ហើយចៅក្រមបង្គាប់ឲសេដ្ឋីនោះសងអម្បែងតែ១ បុរសនោះក៏ពុំព្រមយក។ ចៅក្រមខឹងថា "បុរសនេះល្មើសនឹងបង្គាប់ខ្លួន"។ សេដ្ឋីឃើញបុរសនោះមិនសុខចិត្ត ក៏នាំសេចក្តីឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរនោះ។ ព្រះអង្គឲហៅបុរសនោះមក មានបន្ទូលដណ្តឹងសួរថា "ដំណើរនោះដូចម្តេចបានជាចៅក្រមបង្គាប់ហើយព្រះស្តែងមិនសុខ ចិត្ត?"។ បុរសនោះក្រាបបង្គំទូលថា "ដ្បិតសេដ្ឋីខ្ជីអម្បែងខ្ញុំព្រះបាទអម្ចាស់ទៅដាល់អំបុកទុកឲ ឆ្កែប្រខាំគ្នា ពារលើបែករបស់ខ្ញុំព្រះបាទអម្ចាស់ អម្បែងនោះជាកេរពីមេបាមក តែងតែចិញ្ចឹមជីវិតដោយសារអម្បែងនេះ ដូច្នេះលុះត្រាតែបានអម្បែងដើមទើបខ្ញុំព្រះបាទអម្ចាស់យក បើពុំបានខ្ញុំព្រះបាទអម្ចាស់ពុំយកឡើយ"។ ព្រះមហាក្សត្រទ្រង់ព្រះពិចារណាថា "ការអស់នេះសមជាមានហេតុនឹងគ្នាពីមុនមកបានជាប្រកាន់ខ្លាំង ម្ល៉េះ" ទើបត្រាស់ដណ្តឹងសួរថា "ព្រះស្តែងមានដំណើរហេតុដូចម្តេចអំពីដើមបានជាប្រកាន់គ្នាខ្លាំ ងម្ល៉េះ"។ បុរសនោះក្រាបបង្គំទូលថា "ដំណើរដើម ខ្ញុំព្រះបាទអម្ចាស់ខ្ចីដឹងសេដ្ឋីទៅកាប់ឧសហើយរង្គោះផ្លែខ្ទាត ទៅត្រូវប្រើស មុតជាប់នឹងខ្លួនវាៗបោលបាត់ទៅ ខ្ញុំព្រះបាទអម្ចាស់សុខចិត្តសង ១ ជា ២ ដល់ ១ ជា ១០ សេដ្ឋីពុំយក ថាឲបានដឹងដើមទើបយកបើពុំបានដឹងដើមពុំយកឡើយ" សេដ្ឋីប្រកាន់ដូច្នេះខ្ញុំព្រះបាទអម្ចាស់ក៏យកកូនកំលោះឲទៅនៅ បម្រើជំនួសខ្លួន ទើបសេដ្ឋីទទួលយក ថ្ងៃក្រោយខ្ញុំព្រះបាទអម្ចាស់ទៅរកឧសក្នងព្រៃ ស្រាប់តែឃើញប្រើសនោះងាប់រលួយទៅហើយៗឃើញផ្លែដឹងនៅក្នុងប្រើស នោះ ខ្ញុំព្រះបាទអម្ចាស់ស្គាល់ជាក់ជាដឹងសេដ្ឋីហើយត្រេកអរណាស់ យកទៅឲសេដ្ឋីៗស្គាល់ជាក់ជារបស់ខ្លួនក៏ទទួលយកហើយឲកូនមកខ្ងុំ ព្រះបាទអម្ចាស់វិញ"។ ព្រះមហាក្សត្រទ្រង់ព្រះសណ្តាប់ហើយដណ្តឹងសួរសេដ្ឋីថា "ដំណើរនេះដូច្នេះមែនឬអ្វី?" ។ សេដ្ឋីក្រាបបង្គំទូលថា "ដូច្នេះមែន" ។ ទើបព្រះមហាក្សត្រមានព្រះបន្ទូលថា "បើដូច្នោះ សេដ្ឋីត្រូវឲកូនខ្លួនទៅបម្រើគេវិញ ទើបដោយគន្លងធម៌" ។ សេដ្ឋីនិងបុរសនោះក៏ក្រាបបង្គំទទួលព្រះបន្ទូលពិសេសទាំងអស់គ្នា ហើយក្រាបថ្វាយបង្គំលាទៅកាន់លំនៅទីទៃៗហោង៕
ដកស្រង់ចេញពីប្រជុំរឿងព្រេងខ្មែរភាគ៣ ប្រជុំដោយរឿងរ៉ាវតុលាការកាត់ក្តី
