រឿងបុរសកាស ៣០
កាលពីព្រេងនាយ មានបុរសម្នាក់នៅស្រុកមួយអាពុកម្តាយស្លាប់ទៅនៅកំព្រាតែម្នាក់ ឯង ហើយក្រលំបាកណាស់ គ្មានទ្រព្យសម្បត្តិអ្វីទេ មានតែកាស៣០ ច្រកក្នុងទៃក្រវ៉ាត់ជាប់នឹងចង្កេះជានិច្ច ។ បុរសនោះពិចារណាថា «អញទៅទីពឹងអ្នកណានឹងបានសុខ» គិតទៅឃើញថា «អញគួរទៅនៅជ្រកកោននឹងលោកក្រឡាហោមចុះ» ហើយក៏ដើរចេញពីផ្ទះទៅៗដល់ក្រាបសំពះតាមការគួរ ។ លោកក្រឡាហោមសួរថា «ជីឯងមកពីស្រុកណា មានការអ្វី ? » ។ បុរសនោះជំរាបថា «ខ្ញុំបាទមកពីស្រុកឆ្ងាយ អាពុកម្តាយស្លាប់អស់នៅកំព្រាតែម្នាក់ឯង ខ្ញុំបាទមកនេះសូមជ្រកកោននៅបំរើជាកូនក្មួយតទៅសូមព្រះតេជគុណ មេត្តា» ។ លោកនោះសួរថាជីឯងចេះអក្សរល្មធ្វើជាស្មៀនបានឬទេ?» ។ ជំរាបថា «អក្សរខ្ញុំបាទមិនចេះទេ» ។ លោកក្រឡាហោមប្រាប់ថា «យើងទទួលឲ្យនៅ តែឲ្យជីឯងបោសសំរាមក្រោមផ្ទះយើងរាល់ថ្ងៃកុំខាន» ។
បុរសនោះក៏នៅបំរើបោសក្រោមផ្ទះរាល់ថ្ងៃដល់ចំនួន ៣ ឆ្នាំ ។ ថ្ងៃមួយនោះបុរសកាស ៣០ សួរមាតាលោកក្រឡាហោមថា «លោកយាយ! លោកក្រឡាហោមជាកូនកើត ឆ្នាំខែថ្ងៃអី បានជាលោកមានបុណ្យ មានទ្រព្យច្រើនម្លេះ ?» ។ យាយនោះប្រាប់ឆ្នាំខែថ្ងៃ នឹងពេលដែលកើតសព្វគ្រប់ ។ បុរសនោះបានស្តាប់ចាំប្រាកដពិចារណាថា «អញគួរកត់ឆ្នាំខែថ្ងៃ នឹងពេលលោកនេះ ដាក់ក្នុងដៃឲ្យជាប់ គិតហើយក៏យកកំណាត់សំពត់សចាស់ កត់ឆ្នាំខែថ្ងៃ និង ពេលដែលលោកនោះកើត ហើយដាក់ក្នុងទៃមិនឲ្យអ្នកឯណាដឹងឃើញឡើយ» ។
ថ្ងៃ ក្រោយលោកក្រឡាហោមសួរបុរសកាស ៣០ ថា«ជី ឯងមកនៅនឹងយើងយូរឆ្នាំហើយ ពុំទាន់បានធ្វើរាជការនឹងគេ ខ្លួនជីឯងកើតឆ្នាំខែថ្ងៃអ្វី ? » ។ បុរសនោះជំរាបថា «ខ្ញុំបាទមិនចាំ តែកាលអាពុកម្តាយខ្ញុំបាទនៅ បានឲ្យកំណត់កត់នឹងកំណាត់សំពត់សមួយមកនឹងខ្ញុំបាទៗ ក៏ទុកនៅសព្វថ្ងៃ តែមិនដឹងជារឿងអ្វី ពីព្រោះខ្ញុំបាទមិនចេះអក្សរ» ។ លោកក្រឡាហោមថា «បើដូច្នេះជីឯងឲ្យកំណាត់នោះមកអញ» ។ បុរសនោះក៏ជូនកំណាត់ទៅលោកៗ មើលឃើញកើតឆ្នាំខែថ្ងៃពេលដូចលោកៗគិតក្នុងចិត្តថា «ចៅនេះកើតឆ្នាំខែថ្ងៃដូចអញដែរ គុណមើលទៅរូបរាងឫកពាវាក៏សមសួន ចៅនេះនឹងបានធ្វើជានាហ្មឺនធំដូចអញមិនខាន» ហើយកាន់កំណាត់នោះចូលទៅក្នុងបង្ហាញខ្សឹបប្រាប់ភរិយាថា «គេហ៍អើយ! បុរសជាកូនក្មួយយើងដែលបោសសំរាមសព្វថ្ងៃនេះ វាកើតឆ្នាំខែថ្ងៃដូចអញ មើលឫកពាសាច់ឈាមវាក៏សមសួនផង ទៅមុនវានឹងបានធ្វើជាសេនាបតីដូចយើង» ហើយលោកនោះប្រឹក្សានឹងប្រពន្ធថា «កូនស្រីយើងមួយនេះ គួរឲ្យទៅវាធ្វើជាភរិយាចុះ ខ្លួនវានឹងបានធ្វើជានាហ្មឺនធំតវង្សយើង» ។ ភរិយាក៏យល់ព្រម លោកនោះចេញមកវិញប្រាប់បុរសនោះថា «ចាប់ពីថ្ងៃនេះទៅឯងឈប់បោសសំរាមក្រោមផ្ទះចុះ ឯងត្រូវមកបោសខាងលើផ្ទះវិញ ។
កន្លង មកមួយខែលោកក្រឡាហោម រៀបវិវាហមង្គលការផ្សំផ្គំកូនស្រីនឹងបុរសកាស ៣០ ជាស្វាមីភរិយា រួចស្រេចលោកក្រឡាហោមក៏បង្ហាត់បង្ហាញកូនប្រសាឲ្យធ្វើរាជការ ជាមួយ ចូលគាល់បំរើស្តេចជារៀងរាល់ថ្ងៃដរាបមក ។
លុះ កន្លងមក ៣ ខែមានគេជំរាបថា «កូនប្រសារលោកមិនមែនកើតឆ្នាំខែថ្ងៃដូចលោកទេ រឿងនេះគឺបុរសនោះសួរលោកយាយមាតាអំពីឆ្នាំខែថ្ងៃលោក លោកយាយប្រាប់សព្វគ្រប់ កូនប្រសារលោកបានស្តាប់ក៏សរសេរចុះក្នុងកំណត់សំពត់ទុក លុះលោកសួរឆ្នាំខែថ្ងៃ ក៏ជូនកំណាត់នោះមក លោកមើលឃើញថា កើតឆ្នាំខែថ្ងៃដូចលោកៗ ក៏ឲ្យកូនក្រមុំធ្វើជាភរិយា រឿងនេះមិនមែនដូច្នេះទេ គឺក្លែងសរសេរទុកជាប្រាកដ» ។ លោកក្រឡាហោមក៏ជឿជាក់ឥតសង្ស័យ ហើយមានចិត្តទោមនស្សជាខ្លាំងគិតថា «មិនគួរណាចាញ់ប្រាជ្ញាអាមនុស្សកំសត់នេះសោះ» ក៏រកឧបាយកល និងផ្តាច់កូនបណ្តេញចោលចេញ ។
ក្រោយ នោះមានទ័ពចោរបះបោរនៅខេត្រក្រៅច្រើន ។ ស្តេចទ្រង់ជ្រាបទ្រង់ត្រាស់ប្រើលោកក្រឡាហោម ឲ្យនាំសេនាទាហានទៅបង្រ្កាបទ័ពចោរ មិនរាបទាប ក៏លើកទ័ពត្រឡប់មកក្រាបបង្គំទូលវិញ ។ ស្តេចត្រាស់ប្រើឲ្យសេនាទាហានទៅបង្រ្កាបទ័ពចោរទៀត ក៏មិនរាបទាបលើកទ័ពត្រឡប់មកយកសេចក្តីក្រាបបង្គំទូលថា «ទូលព្រះបង្គំជាខ្ញុំលើកទ័ពទៅបង្រ្កាបចោរពីរដងមិនឈ្នះវា ពីព្រោះសេនាទាហានជាច្រើន ហើយពូកែផងទូលព្រះបង្គំជាខ្ញុំនឹងនាំសេនាទាហានទៅទៀតពុំបាន ត្បិតមានជម្ងឺក្នុងខ្លួនច្រើន សូមទ្រង់ចាត់មន្ត្រីណាមួយដែលស្វាហាប់ឲ្យនាំសេនាទាហាន ទៅបង្រ្កាបទ័ពចោរ ទាំងនោះជាឆាប់តែទូលព្រះបង្គំជាខ្ញុំ មានកូនប្រសារប្រុសម្នាក់ជាមនុស្សមានចិត្តទាហាន ហានក្លាចំណេះវិជ្ជាក្នុងខ្លួនវាក៏មានច្រើន បើទ្រង់ចាត់ឲ្យវាទៅ វាហ៊ានទៅមិនខ្លាច» ដែលលោកក្រឡាហោមទូលដូច្នេះ គឺជាឧបាយដោយស្អប់កូនប្រសារនោះណាស់បើវាលើកទ័ពទៅហើយចោរទាំង នោះនឹងសម្លាប់មិនខាន ។ ស្តេចទ្រង់ព្រះសណ្តាប់ក៏ឲ្យហៅកូនប្រសារនោះមក ទ្រង់មានព្រះរាជឪង្ការប្រាប់ថា «ខែត្រក្រៅមានទ័ពចោរបះបោរច្រើន ឥឡូវយើងប្រើអ្នកឯងឲ្យនាំសេនាទាហានទៅបង្រ្កាបទ័ពចោរទាំងនោះ អ្នកឯងហ៊ានទៅឬទេ ? បើហ៊ានទៅ ហើយឈ្នះចោរផងយើងឲ្យរង្វាន់» ។
បុរស នោះទូលថា «ទូលព្រះបង្គំជាខ្ញុំហ៊ានទទួលទៅធ្វើរាជការថ្វាយ» ។ ទ្រង់មានព្រះរាជឪង្ការថា «បើដូច្នេះអ្នកឯងនាំសេនាទាហានទៅជាឆាប់ «បុរសថ្វាយបង្គំលាមកផ្ទះវិញ ជម្រាបលោកក្រឡាហោមជាបិតាក្មេកតាមរឿងគ្រប់ប្រការ រួចលើកទ័ពចេញទៅ ។ ទ័ពចោរបានដឹងក៏លើកទ័ពមកតតាំងច្បាំងគ្នាជាមាំមួន ។ ទ័ពចោរទ្រាំពុំបានក៏បរាជ័យបាក់បបខ្លបខ្លាចរត់ខ្ចាត់ខ្ចាយ វិនាសអស់ ។ បុរសលើកទ័ពបង្រ្កាបរាបគ្រប់អន្លើ រួចនាំសេនាទាហានត្រឡប់មកវិញ ក្រាបបង្គំទូលពីរឿងច្បាំងនឹងទ័ពចោរគ្រប់សេចក្តី ។ ស្តេចទ្រង់ជ្រាបព្រះអំណរពន់ប្រមាណ ។
ឯលោក ក្រឡាហោមដឹងថា កូនប្រសារលើកទ័ពទៅបង្រ្កាបចោររាបទាបអស់ដូច្នេះក៏មានចិត្ត ទោមនស្សរឹតតែខ្លាំង ពីព្រោះគិតថា «ដែលឲ្យវាទៅបង្រ្កាបទ័ពចោរនោះ ដើម្បីឲ្យពួកចោរសម្លាប់វា ឥឡូវទៅជាវាមានជ័យជម្នះវិញ» ។ រោគលោកក្រឡាហោមរិតតែខ្លាំងឡើង ពេទ្យមើលពុំជាក៏ទទួលមរណៈទៅ ។ ស្តេចជ្រាបទ្រង់ព្រះចិន្តាថា «នឹងឲ្យឈ្មោះណាធ្វើក្រឡាហោម ? » ទ្រង់ព្រះចិន្តាទៅឃើញតែបុរសដែលវាយទ័ពចោររាបនោះឯង មានគុណបំណាច់នឹងរាជការ គួរល្មមឲ្យធ្វើទីក្រឡាហោម បានទ្រង់ព្រះចិន្តាដូច្នេះហើយក៏ត្រាស់ឲ្យហៅបុរសនោះមកគាល់ ហើយទ្រង់ព្រះមេត្តាប្រោសតាំងឲ្យធ្វើទីក្រឡាហោម តំណាងបិតាក្មេកតទៅ ។
មនុស្សកុំមើលងាយមនុស្ស
(ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែភាគ ១)
