ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

រឿង​បុរស​៤​នាក់​រៀន​សិល្ប​សាស្ត្រ​

ម្នាក់​រៀន​ទាយ

ម្នាក់​រៀន​បាញ់

ម្នាក់​រៀន​មុជ​ទឹក

ម្នាក់​រៀន​ជប់។


មាន​និទាន​មួយ​ថាៈ មាន​បុរស​៤​នាក់​ទៅ​រៀន​សិល្ប​សាស្ត្រ​ អំពី​ព្រាហ្មណ៍​ជា​ទិសាបាមោក្ខាចារ្យ​ នៅ​តក្ក​សិលា​មហា​នគរ​។ បណ្តា​បុរស​ទាំង​៤​នាក់​ បុរស​ម្នាក់​រៀន​ទាយ​ បុរស​ម្នាក់​រៀន​បាញ់​ បុរស​ម្នាក់​រៀន​មុជ​ទឹក បុរស​ម្នាក់​រៀន​ជប់​ឲ្យ​រស់​ឡើង​វិញ​។

មនុស្ស​ទាំង​៤​នាក់​សឹង​រៀន​ទីទៃ​ៗ​ ពី​គ្នា លុះ​រៀន​ចប់​ហើយ​ក្រាប​លា​ទិសាបាមោក្ខាចារ្យ​ ជា​គ្រូ​ទៅ​ស្រុក​វិញ លុះ​ចេញ​ដើរ​ទៅ​ដល់​ពេល​ល្ងាច​ដេក​ឈប់​នៅ​ឆ្នេរ​សមុទ្រ​។​ ព្រឹក​ឡើង​បុរស​ចេះ​ហោរ​និយាយ​នឹង​បុរស​ទាំង​៣​នាក់​ថា "​អ្នក​អើយ​ ! ពេល​នេះ​យើង​នឹង​មាន​លាភដោយ​សត្វ​ឥន្ទ្រី​ពាំ​នាំ​យក​កូន​ស្តេចមួយ​ព្រះ​ អង្គ​ ពី​នគរ​ពារាណសីមហានគរ​ ហើរ​មក​ទៀបលំនៅ​យើងនេះ​ឯង"​​។ បុរស​ទាំង​បួន​នាក់​ គិត​គ្នា​ហើយ​ក៏​ឃ្លាំ​ចាំ​មើល​ដោយ​ទិស​ទី​ទៃៗ​ ។ ឰដ៏កាល​នោះពុំ​យូរ​ឡើយសត្វ​ឥន្ទ្រី​ក៏​ពាំ​នាំ​នាង​ហើរ​មក​ទៀង​ប្រាកដ​ឆុត​ ដូច​ហោរ​នោះ​ទាយ​មែន បុរស​ចេះ​បាញ់​ក៏​ដំឡើង​ធ្នូ​បាញ់ត្រូវ​សត្វ​ឥន្ទ្រី​នោះ​ធ្លាក់​នាង​អំពី​ មាត់​ចុះ​ទៅ​ក្នុង​ទឹក​សមុទ្រ​ អ្នក​ចេះ​មុជ​ទឹក​ក៏​មុជ​ចុះ​ទៅ​ស្រង់​យកនាង​ឡើង​មក​បាន​ដូច​បំណង ឯ​អ្នក​ចេះ​ជប់​ បាន​ជប់​នាង​ឲ្យ​រស់​ឡើង​វិញ។ កាល​នាង​មាន​ជីវិត​រស់​ឡើង​វិញ​ហើយ អ្នក​ទាំង​៤​នាក់​នោះ​ដណ្តើម​គ្នា​យក​នាង​ជា​ប្រពន្ធ​តែ​រៀង​ៗ​ខ្លួន​។ អ្នក​ទាំង​៤​នាក់​នោះ​ ឈ្លោះ​ប្រកែក​ជជែក​គ្នាមិន​ដាច់​ស្រេច​ក៏​នាំ​គ្នា​ទៅ​ប្តឹង​ដល់​ចៅ​ក្រម ដោយ​ដំណើរ​ខ្លួន​ទីទៃៗ​ ហើយ​សួរ​ចៅ​ក្រម​ថា "​នាង​នោះ​តើ​ត្រូវ​បាន​ជា​ប្រពន្ធ​នរណា?"​​ ។ ចៅ​ក្រម​ជំនុំ​ពិចារណា​រឿង​នេះ​ពុំ​បាន ក៏​​នាំ​អ្នក​ទាំង​៤​ ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហា​ក្សត្រ​ ដោយ​ដំណើរ​សព្វ​គ្រប់​ប្រការ។ ព្រះ​មហា​ក្សត្រ​ ទ្រង់​ពិចារណ​ឈ្វេង​យល់ក្នុង​ព្រះ​រាជ​ហ​ឫទ័យ​ថា​ព្រះ​ស្តែង​ទាំង​៤​នេះ សឹង​មាន​គុណ​ប្រសើរ​ដូច​ៗ​គ្នា ហើយ​ទ្រង់​ត្រាស់​បង្គាប់​ថា បុរស​ចេះ​ហោរ​ត្រូវ​ទុក​ជា​គ្រូ បុរស​ចេះ​បាញ់​ត្រូវ​ទុក​ជា​អាពុក បុរស​ចេះ​ប្រោះ​ឲ្យ​រស់​ត្រូវ​ទុក​ជា​ម្តាយ បុរស​ចេះ​មុជ​ទឹក​ដែល​គេ​បាន​ស្ទាប​បាន​កាន់​អស់​អង្គ​នាង បាន​បី​បម​ថ្នម​ទ្រ​យក​នាងឡើង​មក​ពី​ទឹក​ត្រូវ​បាន​នាង​ជា​ប្រពន្ធ​។

លុះ​ចំណេរ​ទៅ​មុខ​បុរស​ជា​ប្តី​បាន​ជា​ស្តេច​ក៏​ចិញ្ចឹម​រក្សា​អ្នក​ទាំង​បី​ដោយ​នូវ​គន្លង​ព្រះ​មហា​ក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​នោះ។

ព្រះ​មហា​ក្សត្រ​ទ្រង់​កាត់​សេចក្តីដូច្នេះ​ ហៅ​ថា​សុគ​តិគម​នំ​ហោង។

(​ដក​ស្រង់​ចេញ​ពី​ប្រជុំ​រឿង​ព្រេង​ខ្មែរភាគ​៣ រឿង​ព្រេង​ទាក់​ទង​នឹង​តុលាការ​)