កត្តាជោគជ័យ៖ រាប់អានមនុស្សឲ្យបានច្រើន
បុគ្គល គឺកោសិកានៃសង្គម។ មនុស្សរស់នៅក្នុងសង្គមតែងមានទំនាក់ទំនងជាមួយគ្នា។ ដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗ តិចឬច្រើនតែងរងឥទ្ធិពលពីមនុស្សដែលយើងប្រាស្រ័យទាក់ទងជាមួយ។ មុខរបរ ឬការងារ ឬឯកទេសសិក្សាដែលយើងជ្រើសរើស តែងកើតឡើងពីការផ្តល់យោបល់ពីអ្នកនៅជុំវិញខ្លួន។ ការរាប់អានមនុស្សឲ្យបានច្រើនគឺជាកត្តាគន្លឹះមួយដែលនាំទៅរក ជោគជ័យក្នុងជីវិត ព្រោះមនុស្សយើងចូលចិត្តធ្វើការ ឬរកស៊ីតែជាមួយមនុស្សដែលគេស្គាល់ទុកចិត្តតែប៉ុណ្ណោះ។

ក្នុងការរាប់អានមនុស្ស យើងមិនត្រូវគិតតែពីបរិមាណទេ យើងត្រូវគិតពីគុណភាព។ យើងត្រូវជ្រើសរើសយកមនុស្សណាដែលខ្លាំងជាងយើង នៅក្នុងអង្គភាពរបស់យើង ឬនៅក្នុងអាជីពដូចគ្នា។ អ្នកនោះជាមនុស្សដែលអាចបង្ហាត់បង្ហាញផ្លូវដល់យើងបាន។ យើងគួរគិតរំពៃរកមនុស្សណាដែលអាចជួយនាំយើងឆ្ពោះទៅមុខ ទៅរកអនាគតភ្លឺស្វាងជាំងមុន។
ចូរចាប់ផ្តើមពីក្នុងអង្គភាពរបស់យើងជាមុន ដោយព្យាយាមបង្កើនទំនាក់ទំនងល្អជាមួយថ្នាក់លើ។ មធ្យោបាយមួយក្នុងការបង្កើតទំនាក់ទំនងល្អ គឺការចូលទៅស្នើសុំប្រឹក្សាយោបល់ពីគាត់អំពីការអភិវឌ្ឍន៍វិជ្ជា ជីវៈឬកសាងសមត្ថភាពការងារ។ ក្រៅពីនោះគួរសំដែងឲ្យឃើញអំពីទឹកចិត្តស្រឡាញ់ការងារ ចង់ចេះចង់ដឹង និងចង់ធ្វើកិច្ចការថ្មីៗថែមទៀត ជាជាងគិតតែពីសុំដំឡើងប្រាក់ខែ។ ចៅហ្វាយនាយប្រាកដជាស្រឡាញ់ចូលចិត្ត។
មិនថាយើងធ្វើការ ក្នុងវិស័យអ្វី ឬនៅកន្លែងណាទេ យើងត្រូវចូលរួមជាមួយសមាគមវិជ្ជាជីវៈរបស់យើងជានិច្ច ព្រោះទីនោះមានមនុស្សជាច្រើនដែលអាចជួយគាំទ្រយើងបាន។ ចូរស្ម័គ្រចិត្តជួយសកម្មភាពសមាគម និងបង្ហាញឲ្យគេឃើញពីសមត្ថភាព និងកិច្ចដែលយើងធ្វើ។ មនុស្សខ្លាំងៗនៅទីនោះ នឹងសង្កេតមើលយើង និងទទួលស្គាល់ស្នាដៃរបស់យើង ហើយពេលយើងជួបបញ្ហាគេប្រាកដជាជួយវិញ។
ចូរអនុវត្តដូចខាងក្រោមដើម្បីកសាងបណ្តាញទំនាក់ទំនង៖
១. ចងក្រងជាឯកសារនូវរាល់មនុស្សដែលយើងស្គាល់ និងមានសក្តានុពល
២. លើកកំពស់ទំនាក់ទំនងដែលមានស្រាប់ឲ្យកាន់តែប្រសើរឡើង
២. ស្វែងយល់បន្ថែមតើអ្នកដែលយើងស្គាល់ តើពួកគេស្គាល់នរណាខ្លះទៀត
៣. កសាងទំនាក់ទំនងបន្ថែមជាមួយមនុស្សនៅក្នុង សមាគម អង្គការ ក្លឹប
៤. ប្រើប្រាស់អ៊ីនធើណិតដើម្បីភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលខ្លាំងៗ ដូចជាតាមរយៈ facebook, LinkedIn (មិនទាន់សូវពេញនិយមនៅកម្ពុជា) ឬបណ្តាញសង្គមមួយចំនួនទៀត
៥. ឧស្សាហ៍ទាក់ទងជាមួយមនុស្សដែលពូកែខាងទំនាក់ទំនង និងរៀនសូត្រពីគេ
ប្រែសម្រួលរៀបរៀង salarean.com
