ព្យាយាម​គង់​បាន​សម្រេច
សាមគ្គី​ជា​កម្លាំង
ចេះ​ដប់​មិន​ស្មើ​ប្រសប់​មួយ
ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ

ព្រឹក​ព្រលឹម​មាន​តម្លៃ​ដូច​មាស



ពេលវេលា​ជាមាស​ប្រាក់​។​ ពេល​វេលា​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។ ដើម្បី​ឲ្យ​ជី​វិត​មាន​ន័យ​មនុស្ស​គ្រប់​រូប​គួរ​ចំណាយ​ពេល​វេលា​ដោយ​ប្រុង​ ប្រយ័ត្ន​ និង​ប្រកប​ដោយ​គុណភាព​ដែល​ជួយ​លើក​កំពស់​ជីវិត​និង​ជីវភាព​រស់​នៅ​របស់​ ខ្លួន។ ពេល​វេលា​ដែល​គេ​គួរ​ចំណាយ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត​ គឺ​ពេល​ព្រឹក​ព្រលឹម​ ព្រោះ​វា​ជា​ចំនុច​ចាប់​ផ្តើម​នៃ​ថ្ងៃ​ទាំង​មូល។ បើ​ចាប់​ផ្តើម​ឡើង​មិន​ល្អ​ហើយ វា​នឹង​បណ្តាល​ឲ្យ​ល្អក់​កករ​។  ជា​រៀង​រាល់​ថ្ងៃ​គេ​គួរ​៖

១. ចូរ​ចំណាយ​ពេល​ ៣០ នាទី​រៀង​រាល់ព្រឹក​ ដើម្បី​រំលឹក​ឡើង​វិញ​នូវ​គោល​ដៅ​ជីវិត​របស់​អ្នក។ មនុស្ស​ជោគ​ជ័យ​ភាគ​ច្រើន​តែង​ចំណាយ​ពេល​វេលា​ រាល់​ព្រឹក​មុន​ធ្វើ​អ្វី​ៗ​ទាំង​អស់ ដើម្បី​ស្វែង​យល់​ពី​ខ្លួន​ឯង។

២. ចូរ​​គិត​និង​នាំ​តែ​រឿង​ល្អ​ៗ​ដាក់​ខ្លួន គិត​តែ​ក្នុង​ផ្លូវ​វិជ្ជមាន​នូវ​ផែនការ​អនាគត។

៣. ចូរ​ប្រើ​បា្រស់​ពេលវេលា​ដ៏​ស្ងប់​ស្ងាត់​ឲ្យ​មាន​ប្រយោជន៍​បំផុត​(ពិសេស​ ពេល​ព្រឹក​ព្រលឹម)៖ (១)​ពិនិត្យ​មើល​ផែនការ​ជីវិត (២) រិះ​រក​វិធីល្អ​​ៗ​ដើម្បី​សម្រេច​គោលដៅ (៣) រៀន​សូត្រ​ពី​មេរៀន​ជីវិត​ និង​សំលឹង​ឆ្ពោះ​ទៅ​មុខ​ទៀត។

៤. ចូរ​ធ្វើ​លំនឹក​គិត​មួយ​ថា​ ក្តីសុបិន្ត​របស់​អ្នក​បាន​ក្លាយ​ជា​ការពិត រួច​បិទ​ភ្នែក​សម្រាក​ដោយ​ទឹក​មុខ​ញញឹម ។ ឧទាហរណ៍​ ខ្ញុំ​រក​បាន​ប្រាក់ x លាន​ដុល្លារ។ នេះ​ជាលំហាត់​ចិត្ត​ដ៏​សំខាន់​និង​មាន​ប្រយោជន៍បំផុត​ ដល់​ជោគជ័យ​ក្នុង​ឆាក​ជីវិត។

៥. ចូរ​បន្ត​ខំ​ប្រឹង​ជានិច្ច ទោះ​បី​ធ្វើ​មួយ​លើក​មិន​បាន​សម្រេច ក៏​នៅ​តែ​បន្ត​ធ្វើទៀត។ ការ​ប្រឹង​ប្រែង​មិន​ដែល​ឥត​ប្រយោជន៍​ទេ។ ចូរ​ធ្វើ​ខ្លួន​ឲ្យ​ដូច​ជា​មេដែក ស្រូប​ទាញ​យក​គំនិត​និង​ឱកាស​នៅ​ជុំវិញ​ខ្លួន។

ប្រែ​សម្រួល​រៀបរៀង​ដោយ៖ សាលារៀន  salarean.com