ប្រស្នា៖ បុរសកំសត់និងពរ១ប្រការ
បរុស កំសត់ម្នាក់រស់ក្នុងជីវភាពទីទ័លក្រ។ រាល់ថ្ងៃបុរសកំសត់ប្រកបរបរចិញ្ចឹមជីវិតដោយចូលព្រៃបរបាញ់សត្វ និងបេះផល្លានុផល។ ថ្វីត្បិតតែទីទ័លក្រតែបុរសកំសត់ជាមនុស្សទៀងត្រង់ សុចរិត។ ថ្ងៃមួយជាភព្វសំណាងល្អ បុរសបានជួបនឹងទេវតារក្សាព្រៃភ្នំ។ ទេវតារក្សាព្រៃ បានឲ្យពរ១ប្រការដល់បុរសកំសត់ ទោះជាប្រាថ្នាអ្វីក៏បានសម្រេចដូចបំណងដែរ។ បុរសកំសត់ត្រេកអរពន់ពេក តែសូមពេលមួយថ្ងៃយកទៅគិតជាមួយក្រុមគ្រួសារសិន។
បុរសកំសត់បានរៀបរាប់រឿងគ្រប់ប្រការប្រាប់ប្រពន្ធ។ ប្រពន្ធត្រេកអរណាស់ ក៏ប្រាប់ប្តីថាចង់បានកូនមួយ ព្រោះរៀបការយូរមកហើយ គ្មានកូនម្នាក់សោះ។ បុរសកំសត់ យករឿងពរ១ប្រការទៅពិភាក្សាជាមួយម្តាយ។ ម្តាយងងឹតភ្នែកទាំងសងខាង គាត់ចង់ឲ្យកូនសុំពរឲ្យគាត់ជាភ្នែកវិញ។ បុរសកំសត់ បន្តទៅពិភាក្សាជាមួយឪពុក។ ឪពុកចង់ក្លាយជាអ្នកមាន គាត់ចង់ឲ្យកូនសុំពរឲ្យមានទ្រព្យសម្បត្តិច្រើន។
លុះដល់កាលកំណត់ បុរសកំសត់ក៏បានទៅជួបទេវតា តាមការសន្យា ហើយសុំពរ១ប្រការដែលធ្វើឲ្យក្តីប្រាថ្នារបស់ ប្រពន្ធ ម្តាយ និងឪពុក ក្លាយទៅជាការពិត។ តើបុរសនោះ សុំពរអ្វី?
ចម្លើយ៖
បុរសនោះសុំពរថា ៖ "សូមឲ្យម្តាយខ្ញុំបានមើលឃើញចៅរស់នៅលើគំនរមាសប្រាក់" ៕
សាលារៀន salarean.com
