គុកកាមកិសេស
"ព្រលឹងមាសអើយ ......... បងជាប់គុកហើយ
ខានឃើញកនិដ្ឋា ........... ឃើញតែជញ្ជាំង
រារាំងនេត្រា ................... ភ្ញាក់ឡើងកាលណា
ឃើញតែខ្លួនឯង។ "
.........................................
ពាក្យកាព្យក្នុង "គុកកាមកិសេស" មានឈ្មោះខុសៗគ្នាតែឯកភាពតាំងពីដើមដល់ចប់ត្រង់ យកពាក្យ "គុក" មកអត្ថាធិប្បាយ។ កំណាព្យនេះ និពន្ធដោយ លោក កេង វ៉ាន់សាក់។ បើតាម លោក កេង វ៉ាន់សាក់ មនុស្សរស់នៅ គឺជាប់គុកជានិច្ច។ បច្ចុប្បន្នក៏គុក អតីតក៏គុក អនាគតក៏គុក។
គុក គឺ ១. ខ្លួនឯងជាប់ខ្លួនឯង ២.ខ្លួនឯងជាប់នឹងមនុស្សឯទៀត និង ៣.មនុស្ស ជាប់នឹង ជីវិតមនុស្ស។
ខ្នោះច្រវ៉ាក់របស់គុក គឺ នាម រូប កាយ ចិត្ត ការរស់នៅ និងទុក្ខវេទនា។
ខាងក្រោមនេះគឺជាអត្ថបទកំណាព្យមួយក្នុងសៀវភៅគុកកាមកិសេស
គុកកម្មជីវិត
ព្រលឹងមាសអើយ ................... យប់យន់ទៀតហើយ
អូនគេងកំព្រា ......................... យល់សប្តិម្នាក់ឯង
រឹងរែងរងា .............................. បងរងវេទនា
បង់បាត់សេរី។
យប់នេះល្អណាស់ ................... ព្រះចន្ទត្រចះ
ចាំងចោលរស្មី ......................... ចូលតាមបង្អួច
នឹកព្រួចដល់ស្រី ...................... មកថ្នម បមបី
បងស្បើយទុក្ខា។
អូនអើយបើបង ....................... មិនជាប់ចំណង
ខែភ្លឺកាលណា ......................... បងនាំត្រាណត្រើយ
រំហើយកាយា .......................... ថែថើប បុប្ផា
រីករះ ពេលយប់។
ពេលនេះថែថប់ ........................ ដូចក្នុងប្រអប់
ជញ្ជាំងសន្ធប់ ........................... ដាច់ពីលោកា
សង្ខាហាក់ទប់ .......................... គុកដូចជាទប់
ឱយឈប់បង្អង់។
ក្នុងគុកស្ងាត់ឈឹង ..................... តែសូរទ្រហឹង
ស្រេកឃ្លានចំណង់ .................... ដើរ រកកំសាន្ត
ជិះឡានជិះកង់ ......................... តាមផ្លូវត្រាចត្រង់
ស្វែងរកសប្បាយ។
ដង្ហើមលោកិយ ........................ ហូរតាមវិថី
ឬសើចក្អាកក្អាយ ...................... ក្នុងកែវសុរា
ទៀមស្រាលក់បាយ .................. សើចតាមស៊ីចាយ
ច្រៀងរាំស្រីញី។
ហូរគ្រប់ដំបន់ ........................... មិនចេះបង្អន់
ស៊ី ជុះ ជុះ ស៊ី ........................... ភ័យខ្លាចខ្លះដែរ
ប៉ុន្តែមមី ................................... ខំរស់វក់វី
ពុំដឹងខ្លួនឡើយ។
យប់ថ្ងៃ ថ្ងៃយប់ ........................ ស៊ីជុះមិនឈប់
ឃ្លានគ្មានកោះត្រើយ ............... ទុក្ខព្រួយយ៉ាងណា
ឆ្លេឆ្លាដោះហើយ ...................... រស់ទៀតមិនស្បើយ
ស្រាកស្រាន្តស្រវឹង។
ស្លាប់កើតវរវឹក ........................ ហូរហែ គគឹក
ឥតឈប់សម្លឹង ........................ ដឹងតែស្រេកឃ្លាន
បើគ្មាន នោះខឹង ....................... ភ័យភិតកំហឹង
ឆេះឆាបជានិច្ច។
អ្នកមានសេរី ............................. ជាប់ក្នុងលោកិយ
ហាក់ដូចជាភ្លេច ........................ បើគិតពីព្រួយ
បានមួយរំពេច ........................... ឬមួយបំភ្លេច
ព្រោះខ្លាចខ្លួនឯង។
បើគិតឃើញគ្រប់ ........................ ទុក្ខព្រួយសន្ធប់
គ្រប់ទីកន្លែង .............................. ពីផ្ទះបាយទឹក
គិតនឹកចម្បែង ............................ ឃើញតែកំពែង
ព្រួយព័ទ្ធជុំជិត។
........................
វាយអត្ថបទដោយ គេហទំព័រសាលារៀន salarean.com
