គន្លឹះក្នុងការសន្សំប្រាក់
"សន្សំប្រាក់? តើបានប្រាក់មកពីណាសន្សំ បើចាយមួយខែៗមិនទាំងគ្រប់ផង?" នេះជាពាក្យដែលលេចឡើងភ្លាមៗក្នុងចិត្តរបស់មនុស្សទូទៅ កាលណាគេនិយាយពីរឿងសន្សំប្រាក់។ ប្រសិនបើយើងទុកពាក្យនេះក្នុងចិត្តនោះយើងប្រាកដជាមិនអាចសន្សំ ប្រាក់បានជាដាច់ខាត។ សុភាសិតខ្មែរមួយពោលថា "ទូកធំ ក្តោងធំ" មាន ន័យថាចំណូលច្រើន ចំណាយក៏ច្រើនទៅតាមហ្នឹងដែរ។ ដូច្នេះទោះជាយើងរកប្រាក់បានប៉ុណ្ណាក៏មិនសល់ដែរ ព្រោះយើងនឹងចំណាយកាន់តែច្រើនឡើងទៅតាមខ្ទង់ចំណូល។
ចូរធ្វើបញ្ជីចំណាយប្រចាំថ្ងៃ រួចបូកសរុប និងពិនិត្យជារៀងរាល់សប្តាហ៍ ហើយចោទសួរខ្លួនឯងថាតើចំណាយអ្វីខ្លះដែលចាំបាច់ខានមិនបាន និងតើចំណាយអ្វីខ្លះដែលអាចកាត់ចោលបាន។ ចំណាយណាដែលកាត់បាន យើងដកប្រាក់ដែលធ្លាប់ចំណាយនោះមកសន្សំវិញ។ តើអ្នកបរិភោគអាហារ ក្រៅផ្ទះញឹកញាប់ទេ? តើអ្នកអាចកាត់ចំណាយប្រចាំថ្ងៃមួយចំនួនចេញបានទេ (ដូចជា កាហ្វេ សុរា បារី ។ល។) ? តើសេវាកម្មអ្វីខ្លះដែលអ្នកមិនត្រូវការចំាបាច់ (ទូរទស្សន៍ខ្សែកាប) ?
ចូរផ្ទេប្រាក់ខែជាស្វ័យប្រវត្តិមួយចំណែកចូលក្នុងគណនី សន្សំ។ ចូរចងចាំថាធម្មជាតិជាមនុស្សមានប្រាក់ក្នុងដៃកាន់តែច្រើនកាន់ តែចង់ចំណាយ។ ដូច្នេះបើប្រាក់ជាប់ក្នុងគណនីសន្សំ ពិបាកដកចេញ ឬមិនអាចដកចេញ ក៏មិនងាយនឹងចំណាយផ្តេសផ្តាសដែរ។
ប្រសិនបើអ្នក ឡើងប្រាក់ខែ ឬទទួលបានប្រាក់រង្វាន់ ចូរយកប្រាក់ដែលទទួលបាននោះដាក់ក្នុងគណនីសន្សំ ព្រោះកន្លងមកអ្នកប្រើតែប្រាក់ខែចាស់ក៏អាចទូទាត់ចំណាយជីវភាព គ្រប់គ្រាន់ទៅហើយ។
គ្រប់សាច់ប្រាក់បន្ថែមដែលអ្នកទទួលបានពីប្រភពផ្សេងដោយការ ធ្វើសេវាកម្មរបស់អ្នក ឬដោយសារមូលហេតុណាមួយ ចូរដាក់ចូលក្នុងគណនីសន្សំទាំងអស់ ឬមួយចំណែកណានោះ។
ប្រាក់ដែលធ្លាប់សងបំណុលគេជារៀងរាល់ខែ លុះសងដាច់ហើយ ចូរដាក់ប្រាក់នេះចូលទៅក្នុងគណនីសន្សំ។
ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអ្នកអាចអនុវត្តបានដើម្បីសន្សំសំចៃបន្ថែមទៀត៖
- ចូរបិទអំពូលភ្លើង ប្រសិនបើអ្នកមើលទូរទស្សន៍ ដើម្បីសន្សំសំចៃភ្លើង។ កុំបើកភ្លើងចោល។ បន្ទប់ណាដែលយើងមិនប្រើ ឬចេញក្រៅបន្ទប់ ចូរបិទភ្លើង (សូម្បីតែបន្ទប់ទឹក)។
- ចូរជ្រើសរើសប្រភេទអំពូលភ្លើងដែលស៊ីភ្លើងតិច។
- កាត់បន្ថយចំណាយលើថ្លៃទូរស័ព្ទ ចូរប្រើតែសេវាកម្មណាដែលចាំបាច់បានហើយ។
- ប្រើចាន កែវ ក្រណាត់ ជាជាងផ្លាស្ទិច ព្រោះរបស់ទាំងនេះអាចលាងសំអាតនិងយកមកប្រើម្តងទៀតបាន តែផ្លាស្ទិចត្រូវទិញថ្មីជាប្រចាំ។
- បិទទ្វាបង្អួច បាំងកុំឲ្យពន្លឺចាំងចូលក្នុងផ្ទះ ព្រោះវាធ្វើឲ្យក្តៅ ហើយម៉ាស៊ីនត្រជាក់ខំដើរកាន់តែខ្លាំង ស៊ីភ្លើងអស់កាន់តែច្រើន។
- ដាំដើមឈើផ្តល់ម្លប់ដល់ផ្ទះ ជួយកាត់បន្ថយចំណាយម៉ាស៊ីនត្រជាក់។
- ពេលបើកបរជៀសវាងកន្លែងកកស្ទះដើម្បីកុំឲ្យចំណាយសាំងច្រើន។
- កុំចូលហាងបាយពេលកំពុងឃ្លានខ្លាំង។
- សិក្សាពីរបៀបគ្រប់គ្រងចំណាយ
គេហទំព័រសាលារៀន salarean.com